Connect with us

ព័ត៌មាន

អ្នកជំនាញច្បាប់អន្តរជាតិ៖ ថៃនឹងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ប្រសិនបើលុបចោល MoU2001 ជាមួយ​កម្ពុជា

ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានព្រមានថា ថៃកំពុង​ឈាន​ទៅ​រក​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរចំពោះការបង្ហាញពីចេតនាចង់លុបចោល អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្ដីពី ​«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ឬហៅថា MoU2001 ដែល​បា​ន​ចុះ​ថ្ងៃ​ទី​​១៨ ខែមិថុនា ឆ្នាំ២០០១។ ទោះបីយ៉ាងណា ជំហររបស់កម្ពុជានៅតែគោរព អនុវត្តទៅ​តាម​ទាំង​ខ្លឹម​សារទាំងស្មារតីរបស់ MoU-2001 ហើយកម្ពុជាប្តេជ្ញា​ស្វះស្វែង​រក​ដោះស្រា​យ​ដោយ​សន្តិ​វិធី និងផ្អែកទៅលើច្បាប់ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេស ក្រោមប្រធានបទ៖ តើអន្តរជាតិមើលឃើញបែបណា ចំពោះ​ការ​គោរព​បទ​ឈប់​បាញ់រវាងកម្ពុជា និងថៃ? ជាមួយ BTV លោក អាន ប៉ាស្ទី អ្នកជំនាញ​ច្បាប់​អន្តរជាតិ បានពន្យល់ថា MoU 2001 រវាងកម្ពុជា-ថៃ មិនមែនជាឯកសារ​កំណត់​ព្រំដែន​សមុទ្រ​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែជាកិច្ចព្រមព្រៀងនយោបាយសម្រាប់អភិវឌ្ឍរួម នៅតំបន់សមុទ្រ​ដែល​មាន​ការ​ទាមទារ​ត្រួត​ស៊ីគ្នា។

លោក អាន ប៉ាស្ទី បានលើកឡើងទៀតថា ក្រោមច្បាប់អន្តរជាតិ នៃអនុសញ្ញាទីក្រុងវេយេន ការ​លុប MoU មិនអាចធ្វើដោយបង្ខំ ឬ ជាឯកតោភាគីដោយគ្មានមូលហេតុត្រឹមត្រូវបានទេ ខណៈ​កម្ពុជា​មិន​មានការរំលោភ MoU យ៉ាងធ្ងន់ធ្ងរទេ ដូច្នេះ គ្មានមូលហេតុ​ច្បាស់​លាស់​សម្រាប់​ការ​លុប​ឡើយ​។

លោកបន្ថែមថា ដោយឡែក ពាក់ព័ន្ធនឹង ច្បាប់សមុទ្រ បានកំណត់ថា រដ្ឋមានសិទ្ធិអធិបតេយ្យលើដែនសមុទ្ររបស់ខ្លួន ហើយរដ្ឋផ្សេងមិនអាចរំលោភដោយខុសច្បាប់បានឡើយ។ បើយោងតាម មាត្រា ៥៩ នៃ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែកយ៉ាងច្បាស់ថា អាចលុបកិច្ចព្រមព្រៀងចាស់បាន ប្រសិនបើមានកិច្ចព្រមព្រៀងថ្មីមកជំនួស ហើយ ក្នុងមាត្រា ៦០ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែងថា អាចលុបបាន ប្រសិនបើមានការរំលោភយ៉ាងធ្ងន់ធ្ងរពីភាគីម្ខាង។ សរុបមកបើគ្មានលក្ខខណ្ឌទាំងពីរនេះ ការលុបដោយបង្ខំគឺ ផ្ទុយនឹងច្បាប់អន្តរជាតិ។

ក្នុង​កិ​ច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាល​ពី​ម្សិល​មិញ​ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​នឹង​លុប​ជាឯ​ក​តោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាង​កម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និង​បូរណ​ភាព​ដែន​សមុទ្រ​កម្ពុ​ជា​នោះ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បាន​សម្រេច​ដក​ខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំប​ន់​ត្រួត​ស៊ី​គ្នា​នៅ​ក្នុង​តំបន់​ខ្ពង់​រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។ ទោះបីយ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជក់ជំហរថា កម្ពុជានៅតែគោរព អនុវត្តទៅតាម MoU-2001​ទាំង​ខ្លឹម​សារ​ទាំង​ស្មារតី ហើយក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី​នេះ​កម្ពុជា​នឹង​ប​ន្ត​ស្វះស្វែង​រក​នូវ​ច្រក​ទាំង​ឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia