Connect with us

ព័ត៌មាន

ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់

ផលិតផលក្នុងស្រុកដែលចុះបញ្ជីម៉ាកសមូហភាព ត្រូវបានទទួលគេស្គាល់យ៉ាងទូលំទូលាយ និង​មាន​តម្រូវ​ការទីផ្សារខ្ពស់ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាក់ស្តែង ទឹកឃ្មុំព្រៃធម្មជាតិ ព្រះវិហារ និងផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដែលជាផលិតផលម៉ាកសមូហភាព កំពុង​បង្ហាញ​ពី​ភាព​រីក​ចម្រើន ទាំងទីផ្សារ និងជំនឿទុកចិត្តពីអ្នកប្រើប្រាស់។ ការចុះបញ្ជីម៉ាកសមូហភាពគឺ ដើម្បី​ការពារកេរ្តិ៍ឈ្មោះទំនិញរួម និងផ្តល់ការធានាគុណភាពដល់អ្នកប្រើប្រាស់។

ផលិតផលសមូហភាព (Collective Marks) គឺជាសញ្ញា​សម្គាល់​ដែល​ប្រើ​សម្រាប់​សម្គាល់​ប្រភព​ដើម​ គុណភាព ឬលក្ខណៈរួមនៃទំនិញ/ សេវាកម្មរបស់សមាជិកក្រុម ឬសមាគមណាមួយ ដែល​ត្រូវ​បាន​ចុះបញ្ជីត្រឹមត្រូវក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាក។

លោកស្រី ហ៊ើ រ៉ាម៉ាណែត អនុប្រធាន សមាកមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល បង្ហាញ​ក្តី​រីក​រាយដែលផលិតផល ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ត្រូវបានចុះបញ្ជី​ម៉ាក​សមូហភាព​ជា​ផ្លូវកា​រ ​កាលពីថ្មីៗនេះ ដោយក្រសួងពាណិជ្ជកម្ម។ នេះគឺជាភាព​ជោគជ័យ​សម្រាប់​សហគមន៍​របស់​លោក​ស្រី ដែលវានឹងជួយបង្កើនជំនឿទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងៗ ពីសំណាក់​អ្នក​ប្រើ​ប្រាស់​ទាំងក្នុងស្រុក និងក្រៅស្រុក។

លោកស្រី បញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល កំពុងមា​ន​ការ​កើនឡើង​ជា​លំដាប់​ ដោយមានការជ្រោមជ្រែងពីក្រសួងពាណិជ្ជកម្ម ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​ទី​ផ្សារច​ម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្តាល កាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារ​អន្តរជាតិ​សំខាន់​ៗ​មួយ​ទៀត​។​ ភាពរីកចម្រើននេះ បានចូលរួ​ម​ចំណែក​ជួយ​លើក​កម្ពស់​ជីវភាព​សហគមន៍​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។

ដោយឡែក សមាជិក សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ លោក ជា យឿន បានប្រាប់ BTV ថា លោក​មាន​មោទន​ភាព​ដែល​ទឹកឃ្មុំ​ព្រៃ​របស់​សហគម​ន៍របស់លោ​ក​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ម៉ាក​សមូហ​ភាព​ ព្រោះ ទឹកឃ្មុំ ផលិតដោយ សហគ្រាសសហគមន៍ ឃ្មុំព្រៃ ព្រះវិហារ គឺជាទឹកឃ្មុំព្រៃ​ធម្ម​ជាតិ​សុទ្ធ១០០% ដែលបានប្រមូលផលពីក្នុងព្រៃសហគមន៍ឆែបលិច ដែលស្ថិតនៅ ស្រុក​ឆែប ​ខេត្តព្រះវិហារ។ លោកសង្ឃឹមថា ការចុះបញ្ជីជា​ម៉ាក​សមូហភាព​នេះ​នឹង​ជួយ​លើក​កម្ពស់ក​ម្រិត​ជីវភាពសហគមន៍របស់លោកកាន់តែប្រសើរ។

ដើម្បីលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាលដែ​ល​មាន​ក្រសួង​ពាណិជ្ជ​កម្ម​ជា​សេនា​ធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា តាម​រយៈ​ការ​ចុះម៉ាកសមូហភាពកម្ពុជា រួមមាន គុយទាវភ្នំពេញ, អង្ករព្រះវិហារ, អំបុកកំពង់ធំ, អង្ករ​ក្រអូប​ SKO ,អង្ករដំណើប DSMK, នំបញ្ចុកសៀមរាប, ប្រហុកសៀមរាប, ក្រូចថ្លុងកោះពីរ, ដូង​ខ្ទិះ​បាត់​ដំបង, ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល, ថ្នាំជក់កម្ពុជា, សំបុកត្រចៀកកាំកម្ពុជា និងទឹក​ឃ្មុំ​ព្រៃ​ព្រះវិហារ ជាដើម៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia