Connect with us

ព័ត៌មាន

សម្តេចធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅ​កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៦។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​រួមមាន ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ រួមជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រម​ទាំង​តំណាង​ធុរកិច្ចមកពីសភាពាណិជ្ជកម្ម កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ផងដែរ។

ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តល់​ជា​វេទិកា​សម្រាប់​ថ្នាក់​ដឹកនាំ​អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និង​មាគ៌ា​ឆ្ពោះ​ទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាព​សន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ ​និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយា​បន្ន​ និងភាពធន់។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក និងផល ប្រយោជន៍រួម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia