Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយ​សន្តិវិធី និងច្បាប់អន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅថ្ងៃទី៥ ខែឧសា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំង​ព្រំដែន​សមុទ្រ ​តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែក​លើ​ច្បាប់​អន្តរជាតិ​ក្នុង​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេសថៃ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជាជាមួយភាគីថៃ កម្ពុជា ​បានសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃ កំពុងពិភាក្សា​អំពី​ការ​សម្រេច​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេ​ញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ខណៈដែល​កម្ពុជា​តែង​តែ​ផ្ដល់​អាទិភាព​ទៅ​ដល់​យន្តការ​ទ្វេភាគី​ស្របតាម​​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំកន្លងមកហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ នេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា និង​បញ្ជាក់​ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈរវាងប្រទេសទាំងពីរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការដកខ្លួនដោយឯកតោភាគីចេញពី MoU-2001 គឺជាការ​បោះប​ង់​ចោល​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ដែល​ភាគី​ទាំង​ពីរ​បាន​ពឹង​ផ្អែក​និង​ប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ ដូច្នេះ ទោះបីជាថៃ​ដក​ខ្លួន​ដោយ​ឯកតោ​ភាគី​ចេញ​ពី​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ​នេះ ​កម្ពុជា​នៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងប្រកាន់យក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធីដដែល។ ក្នុងន័យនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និង​អនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការ​នៃ​ការ​ផ្សះ​ផ្សារ​ដោយ​ចាប់​បង្ខំ(Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះ ពី​ព្រោះវា​ជា​យន្តការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជួយ​ទៅ​ដល់​រដ្ឋភាគី​ក្នុង​ការ​ដោះស្រា​យ​ជម្លោះ​ដោយ​សន្តិ​វិធី និងស្របទៅតាមច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់​កម្ពុជា​បែប​នេះ​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ពី​សេចក្តី​សង្ឃឹម​ដ៏​ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និង​យូរអង្វែងស្រប តាមច្បាប់អន្តរជាតិ ហើយដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព ស្ថិរភាព និងមានសេចក្តីសុខ យូរអង្វែង។

ចំណែក ជំហរដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរ​ព និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​ស្មោះ​ត្រង់​បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួម​ទាំង​កិច្ច​ព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជា​បាន​ប្រកាន់​យក​ភាព​អត់​ធ្មត់​ខ្ពស់​បំផុតដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាស​សម្រប​សម្រួល​ឈាន​ឈ្ពោះ​ទៅ​រក​ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនូវអាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង​ភាគី​ពាក់​ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​។

ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្ម​ការ​បោះប​ង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia