ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់អ្នកបង្កើតមាតិកាឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម
ភ្នំពេញ៖ ស្ត្រីទីមួយកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវអ្នកបង្កើតមាតិកា (Content Creator) បញ្ចៀសការផលិតវីដេអូ ដែលមានលក្ខណៈអាសអាភាស ប្រើពាក្យសម្ដីមិនសមរម្យ ជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសូមចូលរួមបង្កើតមាតិកាដែលជួយលើកកម្ពស់តម្លៃសីលធម៌សង្គម ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានស្នើទៅកាន់អ្នកបង្កើតមាតិកាទាំងអស់ សូមផលិតវីដេអូដែលមានលក្ខណៈអប់រំ ជាប្រយោជន៍ដល់សង្គម ក្នុងនោះមានទាំងការអប់រំសីលធម៌ ចរិយាធម៌ និងសុជីវធម៌ ព្រោះអ្នកបង្កើតមាតិកាម្នាក់ៗសុទ្ធសឹងតែជាគំរូដល់សង្គម ហើយវីដេអូរបស់ខ្លួននីមួយៗ មានអ្នកចូលមើលច្រើន និងគ្រប់វ័យ ។
លោកជំទាវបណ្ឌិត សង្កេតឃើញថា មានវីដេអូរបស់អ្នកបង្កើតមាតិកាមួយចំនួន មានភាពមិនសមរម្យ ប្រើពាក្យសម្ដីអាសអាភាសមិនគួរប្រើបញ្ចូលក្នុងវីដេអូ ហើយបង្ហោះទៅលើបណ្ដាញសង្គម (ដូចជាពាក្យ អា អញ ហែង ហង…) ខណៈដែលការស្លៀកពាក្យមួយចំនួន ក៏មិនសមរម្យ និងមានលក្ខណៈហួសហេតុពេក ។ វីដេអូខ្លះទៀត មានកុមារដើរតួ ឲ្យមានការប្រើកាយវិការ និងពាក្យសម្ដីមិនល្អ រហូតមានការរិះគន់ផងដែរ ដែលបញ្ហាទាំងអស់នេះ សូមមានការកែសម្រួល ។
ជាមួយនេះ ស្ត្រីទីមួយកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមចូលរួមលើកកម្ពស់តម្លៃសង្គម ព្រោះបច្ចុប្បន្នសម័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង ដែលមានទាំងរឿងវិជ្ជមាន និងអវិជ្ជមានត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយចូលរួមទប់ស្កាត់ឥទ្ធិពពល មិនល្អទាំងអស់នោះ កុំឲ្យកើតមានបន្តនៅក្នុងសង្គមកម្ពុជា ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត វាយតម្លៃខ្ពស់ និងកោតសរសើរ ពីកិច្ចខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេស គឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាព របស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ ។
លោកជំទាវ បានបញ្ជាក់ថា ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ សម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការ និងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល ៕















-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន