Connect with us

ព័ត៌មាន

ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃថ្ងៃបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ២០២៣ នៅកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍ ដែលនៅតែ​ដក​ជាប់​ក្រអៅ​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់វ័យជានិច្ច។

ដើម្បីរំឮកខួប ៣ឆ្នាំ និងអបអរសាទរនូវមហាជោគជ័យដ៏អស្ចារ្យនេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិ​ក​កម្ពុជា ក៏បានរៀបចំផ្សាយឡើងវិញ នូវកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ជូន​ដល់​ប្រជា​ពលរដ្ឋ​បាន​ចូលទស្សនានូវទស្សនីយភាព ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនេះជាថ្មី នៅ​គ្រប់រោងភាពយន្ដ Legend Cinema និង Sabay Cinema ហើយបានទទួលការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ដែលបង្ហាញ​ពី​ការ​ចងចាំ​មិន​ភ្លេច​ចំពោះ​ថ្ងៃ​ប្រវត្តិសាស្ដ្រនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មាន​ប្រសាសន៍​ថា ការចាក់ផ្សាយឡើងវិញនេះ គឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ រួមទាំង​ក្រុម​ការងារ ដែលភាគច្រើនពុំបានចូលទស្សនាផ្ទាល់ បានរំលឹកឡើងវិញ ជាមួយ​ការ​ទស្សនា​ពិធី​បើក​មហា​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ក្រុមការងារក៏នឹង​មាន​រៀប​ចំ​នូវ​ការ​ចាប់​រង្វាន់​មេដាយ​មាសអនុស្សាវរីយ៍ស៊ីហ្គេម ជូនដល់អ្នកចូលរួមទស្សនារាល់ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ ខាងមុខផងដែរ។

ទន្ទឹមជាមួយគ្នា ព្រឹទ្ធាចារ្យកីឡា ព្រមទាំងយុវជន-យុវតី ដែលបានចូលរួមការចាក់ផ្សាយឡើងវិញ បាន​បង្ហាញនូវមោទនភាពជាថ្មី ដ្បិតភាពអស្ចារ្យនៃស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នៅ​តែ​ដក់​ជាប់​ក្រអៅ​បេះដូង និងចង់ទស្សនាម្ដាយហើយម្ដងទៀត ហើយសង្ឃឹមថា នៅថ្ងៃអនាគត នឹងបាន​ទស្សនា​នូវ​ព្រឹត្តិការណ៍កីឡាធំៗ និងអស្ចារ្យជាបន្ដបន្ទាប់ទៀត ក្រោមម្លប់នៃសន្ដិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់វិស័យនៅកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីការចាក់ផ្សាយឡើងវិញ ដើម្បីអបអរសាទរខួប ៣ឆ្នាំ នៃម​ហា​ជោគ​ជ័យ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមកិ​ច្ច​សហការ​ជាមួយ​រោង​ភាព​យន្ដដៃគូ នឹងរៀបចំផ្សាយឡើងវិញ នៃពិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦ តទៅ ដោយការ​ចាក់​បញ្ចាំង​ទស្សនា​មាន​បរិច្ចាគ​ការ​ឧបត្ថម្ភ​ដល់​ក្រុម​អត្ត​ពលិក​ជម្រើសជាតិកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក ចំនួន ១២,០០០រៀល និង ២ម៉ឺនរៀល ក្នុងមួយសំបុត្រ។

គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញនេះដែរ គឺដើម្បី៖ ១-រំលឹកជោគជ័យជាប្រវត្តិសាស្ដ្រ ក្រោយរង់ចាំ ៦៤ឆ្នាំ សម្រាប់ស៊ីហ្គេម នៅកម្ពុជា, ២-ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត”, ៣-ចង់ឲ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្ដងទៀត នាឆ្នាំ២០៣១, ៤-ផ្ដល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និង ៥-រួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា៕ អត្ថបទ លី ឈុនឡា

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia