Connect with us

ព័ត៌មាន

សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគីឲ្យសោះ ហើយក៏កុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគីផងដែរ ខណៈកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយ បញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ក្រោយរដ្ឋាភិបាលថៃ សម្រេចលុបចោលអនុស្សរណៈយោគយល់គ្នា លើបញ្ហានេះ។

តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។

សម្តេចតេជោ បានបន្ថែមថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។»

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅភាគីថៃថា គ្មានវឌ្ឍនភាព? សម្តេច តេជោ បានបញ្ជាក់ថា«ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?។ ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅភាគីថៃថាកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រផងដែរ៕អត្ថបទបាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia