Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​អចិន្ត្រៃយ៍​កាក​បាទ​ក្រហម​កម្ពុជា​បានថ្លែងថា ការបន្តបរិច្ចាគ​ថវិកា ធនធាន និងសម្ភារផ្សេងៗដល់កាកបាទក្រហមកម្ពុជា សម្រាប់​ការងារមនុស្សធម៌ បានបង្ហាញពីទឹកចិត្តសប្បុរសមិនបោះបង់ជនរងគ្រោះ គ្រួសារ​កង​ទ័ព​ពលី ​គ្រួសាយុ​ទ្ធជនរបួស ពិការ និងបងប្អូនភៀសសឹកឲ្យនៅឯកោ។

ក្នុង​ពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​មីនា ​២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៦ ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការបន្ត​បរិច្ចាគ​ធន​ធាន​ដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួម​ទាំង​កម្ពុជា​ផង​នោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នក​ខ្សត់​ខ្សោយ​ជាង។

លោកជំទាវបណ្ឌិតបានបន្តថា ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និង​ទទួល​ថវិកា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែល​តែង​តែឈ​រជាមួយគ្នា នៅពេលដែលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក។

លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការ​បរិច្ចាគ​របស់សប្បុរសជន មិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុក​ចិត្ត​ប្រគល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ ហើយនេះគឺជាក្តីមេត្តា ដែលចេញពីបេះដូង ហើយជាស្ពានមួយ ពី​អ្នក​ដែលមានលទ្ធភាព ជួយទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខ និងត្រូវការដៃមួយ ដើម្បី​ជួយ​គាំទ្រដ​ល់ពួកគាត់។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលបរិច្ចាគនេះ នឹងប្រែក្លាយជាអង្ករ ម្ហូប​អាហារ ​ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់​គ្រួសារ​មួយ​ដែល​កំពុង​ជួប​ការ​លំបាក ប៉ុន្តែលើសពីនេះទៅទៀត គឺជាកម្លាំងចិត្តសម្រាប់ម្ដាយម្នាក់ ដែលកំពុង​បារម្ភ​ពី​កូន​ៗ ​ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនភៀសសឹក ជាការលួងលោម និងលើក​ទឹក​ចិត្ត​សម្រាប់​គ្រួសារ​ជន​ពលី និងយុទ្ធជនរងរបួស ហើយជាសារដ៏កក់ក្ដៅ សម្រាប់ប្រាប់ពួកគាត់ថា ពួក​គាត់​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះទេ នេះហើយជាអត្ថន័យដ៏ធំធេង នៃការបរិច្ចាគ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា នឹងបន្ត​បេសក​កម្ម​សប្បុរសរបស់ខ្លួន មិនទុកឲ្យជនរងគ្រោះណាម្នាក់ឲ្យនៅឯកោ ដោយមិន​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​នោះ​ឡើយ ជាមួយនឹងការឈានមុខគេ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការងារ​មនុស្ស​ធម៌​ជួយដល់ជនរងគ្រោះ។

ជាមួយនេះ លោកជំទាវបណ្ឌិត តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា នាំនូវការថ្លែងព្រះអំណរគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជ​ទាន​នូវ​ព្រះរា​ជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់ ជា​ពិសេសក្នុងទិវា ៨ឧសភា ២០២៦ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជ​ឧបត្ថម្ភ​នូវ​ព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុង​បេសក​កម្ម​មនុស្ស​ធ​ម៌នេះ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំពី​២០២៥​កន្ល​ង​ទៅ ​កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ដែលទទួលបានពីធនធាន នៃការបរិច្ចាគ​ពី​សប្បុរស​ជន​នានា ជួយដល់គ្រួសារកងទ័ពពលី យុទ្ធជនរងរបួស គ្រួសារភៀសសឹក ជន​រង​គ្រោះ​នានា ​ក៏ដូចជាជនមានពិការភាពជាដើមសរុបរាប់ម៉ឺនគ្រួសារ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia