Connect with us

ព័ត៌មាន

ប្រាសាទព្រះខ័ន៖ ស្ថាបត្យកម្មដ៏រស់រវើក និងនិមិត្តរូបនៃជ័យជម្នះ

ប្រាសាទព្រះខ័ន គឺជាសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រដ៏មានតម្លៃ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប។ ដើម្បីទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារខាងជើងនៃក្រុងអង្គរធំ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកក្នុងការអភិរក្ស និងជួសជុលប្រាសាទនេះឱ្យស្ថិតក្នុងសភាពល្អប្រសើរក្នុងនាមជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជុំវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់។

យោងតាមសិលាចារឹក ប្រាសាទព្រះខ័នត្រូវបានកសាងឡើងនៅឆ្នាំ១១៩១ នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវម៌ទី៧ លើទីតាំងនៃចម្បាំងផ្តាច់ព្រ័ត្រ ដែលព្រះអង្គបានទទួលជ័យជំនះលើការឈ្លានពានរបស់កងទ័ពចាម្ប៍ ដើម្បីឧទ្ទិសថ្វាយដល់ព្រះបិតា។ ឈ្មោះដើមនៃប្រាសាទនេះគឺ «ជ័យស្រី» ដែលមានន័យថា «ព្រះខ័នជ័យ» ឬ«ទីក្រុងនៃជ័យជំនះដ៏ពិសិដ្ឋ»។

ខ្លឹមសារសំខាន់ៗក្នងសិលាចារឹក បានផ្ដល់ព័ត៌មានដ៏មានតម្លៃអំពីភាពរីកចម្រើនរបស់ចក្រភពខ្មែរ និងជាពិសេសរាជធានីអង្គរនាពេលនោះ ដូចជា៖

– កិច្ចការសាសនា៖ ការធ្វើពិធីបួងសួង ការតម្កល់ព្រះបដិមា និងពិធីអភិសេកព្រះ

– កិច្ចការព្រះរាជកិច្ច៖ ការលើកតម្កើងព្រះរាជា និងការឧទ្ទិសកុសលជូនបុព្វការីជន។

– ការងារសង្គម៖ ការចូលរួមថែទាំប្រាសាទ ការផ្តល់តង្វាយពីសំណាក់ព្រាហ្មណ៍ និងអ្នកភូមិនៅជុំវិញ។

– សមិទ្ធផលសំណង់ផ្សេងៗ៖ ការរៀបរាប់អំពីបារាយណ៍ «ជ័យតដាក» ដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។

ក្រៅពីមុខងារជាទីសក្ការៈបូជា ប្រាសាទនេះប្រហែលបានក្លាយទៅជាសាកលវិទ្យាល័យដ៏ធំមួយ ដើម្បីបណ្ដុះបណ្ដាលពុទ្ធសាសនិក និងអ្នកប្រាជ្ញរាជបណ្ឌិតជាច្រើនជំនាន់ ដែលឆ្លុះបញ្ចាំងពីភាពរុងរឿងនៃវិស័យអប់រំ និងសាសនានៅក្នុងសម័យអង្គរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia