ព័ត៌មាន
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ២០២៥ ដើម្បីវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា និងថៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។

ការអំពាវនាវរបស់សម្តេចធិបតីបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។

សម្តេចបវរធិបតីបានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។
សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង(faits accomplis)និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសយើងទាំងពីរ។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ច្បាស់ៗថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។

សម្ដេចធិបតីបានថ្លែងថា កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀង។
សម្ដេចធិបតីបានថ្លែងថា ក្នុងកិច្ចប្រជុំត្រីភាគនេះ ក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់“យន្តការផ្សះផ្សារដោយចាប់បង្ខំ”ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ជាចុងក្រោយ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕



-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន