ព័ត៌មាន
សម្ដេចធិបតីមានជំនួបជាមួយមេដឹកនាំសមាជិកអាស៊ានជាច្រើន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
មកទល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កំពុងបន្តដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចនេះសម្ដេចធិបតីក៏មានជំនួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើន ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ក្នុងនោះនៅព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បន្ទាប់មកសម្ដេចធិបតី បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ដែលជាកិច្ចប្រជុំពេញអង្គ។

នៅព្រឹកនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏មានជំនួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាង កម្ពុជា ឡាវ និងវៀតណាម ដែលជាប្រពៃណី ក្នុងការពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរវាងប្រទេសទាំងបីបន្ថែមទៀតផងដែរ។

សូមជម្រាបថា ក្នុងបេសកកម្មថ្ងៃដំបូង ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដចធិបតី ក៏មានជំនួបពិភាក្សាការងារជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត ដូចជាជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះភាគីទាំងពីរបានប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាបន្ថែមទៀត។

ចំណែកជួបទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រមុខដឹកនាំ កម្ពុជា និងសិង្ហបុរី ក៏បានប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នាផងដែរ។
ក្នុងឱកាសបេសកកម្មចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏មានជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលដឹកនាំសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ ក្រោយជំនួបនេះភាគីទាំងបីបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាក្នុងនោះ សម្ដេចធិបតីបានបញ្ជាក់ច្បាស់ៗចំពោះមុខប្រធានអាស៊ាន និងនាយករដ្ឋមន្រ្ដីថៃ រួមនឹងបណ្ដាសារព័ត៌មានអន្តរជាតិនានាថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» ដែលបង្កើតឡើងដោយការប្រើប្រាស់កម្លាំងរបស់ភាគីថៃមកលើកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងបានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់រវាងកម្ពុជា និងថៃ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand R. Marcos Jr) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦៕

-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត