Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនប្រចាំខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ និងកូនៗរបស់គាត់

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនគាត់ ពោលគឺមានការខ្វះខាតអ្វីត្រូវផ្តល់ជូនគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។

ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាប្រចាំខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមឱ្យរីកចម្រើន ដោយត្រូវគោរព និងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់សមាគម យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឱ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារគាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យគ្រប់គ្នាជួយមើលថែចិញ្ចឹមសមាជិកឱ្យបានល្អនិងមានភាពកក់ក្ដៅដូចជាគ្រួសារខ្មែរ នៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយដូច្នោះដែរ។

ក្នុងឱកាសនោះលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឡើងអានសេចក្តីសម្រេចស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ និងមានអនុប្រធានប្រចាំការ១រូប អនុប្រធាន៣រូបនិងសមាជិក សមាជិកា២រូប នៅគ្រប់ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia