Connect with us

ព័ត៌មាន

វិធានការយុទ្ធសាស្ត្រ ៦ចំណុច ត្រូវបានដាក់ចេញ ដើម្បីពង្រឹងមុខងារបណ្តុះបណ្តាលមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័ន

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា វិធានការជាយុទ្ធសាស្ត្រចំនួន ៦ចំណុច ត្រូវបានគិតគូរ និងដាក់ចេញសម្រាប់អនុវត្តក្នុងការរៀបចំមុខងារបណ្តុះបណ្តាលមន្ត្រី នៃគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈនៅតាមបណ្តាក្រសួង-ស្ថាប័ននានា។

ការដាក់ចេញនូវវិធានការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកម្រិតអន្តរក្រសួង-ស្ថាប័ន នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីក្រុមការងារលើកកម្ពស់ប្រសិទ្ធភាពការងារ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ជាច្រើនរូប។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមការងាររៀបចំមុខងារបណ្តុះបណ្តាល នៃ គ.វ.រ. បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ គ្រឹះស្ថានបណ្តុះបណ្តាលសរុបមានចំនួន ១៤៣ គ្រឹះស្ថាន ដែលចំណុះឱ្យក្រសួង-ស្ថាប័នចំនួន ២៧។ ក្នុងចំណោមនោះ មានគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ៤១ ដែលចំណុះឱ្យក្រសួង-ស្ថាប័នចំនួន ១៤ កំពុងបំពេញមុខងារផ្ទាល់ក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការ។

ក្នុងគោលបំណងរៀបចំមុខងារបណ្តុះបណ្តាលមន្រ្តីឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ អង្គប្រជុំបានពិភាក្សាស្វែងរកធាតុចូលយ៉ាងសកម្ម និងបានឯកភាពដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តចំនួន ៦ចំណុច សំខាន់ៗរួមមាន៖ (១). ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍសមត្ថភាពមូលធនមនុស្ស ក្នុងវិស័យសាធារណៈ។ (២). ការកំណត់មុខងារស្នូលរបស់គ្រឹះស្ថានបណ្តុះបណ្តាល (រួមមាន៖ ការបណ្តុះបណ្តាលដំបូង ការបណ្តុះបណ្តាលបន្ត និងការសិក្សាស្រាវជ្រាវចងក្រងករណីសិក្សា ដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ)។ (៣). ការពង្រឹងអភិបាលកិច្ចនៃគ្រឹះស្ថានបណ្តុះបណ្តាលមន្រ្តី។ (៤). ការកំណត់ស្តង់ដាកម្មវិធីសិក្សា និងគ្រូឧទ្ទេសឱ្យមានគុណភាពខ្ពស់។(៥). ការពង្រឹងយន្តការស្ថាប័ន ក្នុងការពិនិត្យ តាមដាន និងវាយតម្លៃគុណភាពនៃការបណ្តុះបណ្តាលមន្រ្តី។ (៦). ការបង្កើតមូលនិធិអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យសាធារណៈ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំជាបន្តបន្ទាប់របស់ក្រុមការងារ ដើម្បីធានាឱ្យបាននូវការយល់ដឹងរួមគ្នា និងប្រមូលធាតុចូលគ្រប់ជ្រុងជ្រោយ ឈានទៅសម្រួចការកែទម្រង់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានភាពរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាតិពិតប្រាកដ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia