ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីសាមគ្គី តស៊ូ កុំញញើត និងកុំរាថយ ចំពោះមុខការគំរាមកំហែង និងបញ្ហាប្រឈមនានា។ កម្លាំងសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពង្រឹងបាននូវសេដ្ឋកិច្ចជាតិឱ្យមានភាពធន់ និងខឿនការពារជាតិដ៏រឹងមាំ ឈានឆ្ពោះទៅកាន់វឌ្ឍនភាព សម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកស្អាង។
សម្តេចបានគូសបញ្ជាក់ថា គ្រប់សមាជិកបក្ស និងប្រជាពលរដ្ឋម្នាក់ៗ គឺជាបង្អែកដ៏រឹងមាំ និងជាភ្នែកជាច្រមុះក្នុងការការពារសន្តិសុខជាតិនៅគ្រប់ទីកន្លែង។ ក្នុងបរិបទដែលកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង និងបរិបទស្មុគស្មាញរបស់ពិភពលោកដែលហ៊ុមព័ទ្ធដោយសង្គ្រាម កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត។ ត្រូវយល់ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើងបានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ សមដូចពុទ្ធភាសិតថា «អត្តាហិ អត្តនោ នាថោ» ពោលគឺ ខ្លួនទីពឹងខ្លួន។
នៅក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកចូលរួមទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយយើងទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
សម្តេចប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានស្នើដល់សមាជិក សមាជិកាគណបក្សទាំងអស់ បន្តជឿជាក់លើថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពាន តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិ។
សម្តេចប្រធានរដ្ឋសភា ព្រមទាំងអង្គពិធីទាំងមូល បានសម្តែងការអបអរសាទរចំពោះជោគជ័យធំធេង នូវបេសកកម្មការទូត សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន ពិសេសជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន។ នៅក្នុងជំនួបនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា «ខ្សែបន្ទាត់ព្រំដែន មិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ»។ អង្គពិធីក៏បានប្រកាសគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (UNCLOS) ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ បន្ទាប់ពីថៃលុបចោលជាឯកតោភាគី នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ស្តីពីសមុទ្រត្រួតស៊ីគ្នានោះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនគ្រួសារវីរៈកងទ័ព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ ឯកភាពជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារ ដោយបានប្រមូលផ្ដុំគ្នា សម្ដែងមតិគាំទ្រស្វែងរកសន្តិភាព គាំទ្រលើកទឹកចិត្តកងកម្លាំងរបស់យើងក្នុងការការពារបូរណភាពទឹកដី។
សូមជម្រាបថា លោកជំទាវ មិន មាណវី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។ ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្ត្រីគណបក្សខេត្ត។







-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន22 hours agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត