Connect with us

ព័ត៌មាន

អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងលោក សឿង ចក់ ក្រុមការងារពិសេស បានដឹកនាំ​ក្រុម​ការងារ ចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ចំពោះបងប្អូន​អតីត​សកម្មជន​មកពីគណបក្សភ្លើងទៀនចំនួន ៦៧នាក់ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលបាន​ប្រកាស​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក រស់ ចំណាន បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ព្រមទាំង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៦៧នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន២៦នាក់ នឹងឃុំត្រើយស្លាចំនួន៤នាក់, ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាលចំនួន២៨នាក់, ភូមិលេខ៤ ឃុំប្រាបាទ ស្រុកស្អាង ខេត្តកណ្ដាល ចំនួន៩នាក់ ព្រមទាំងមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។

ជាទីបញ្ចប់ លោក រស់ ចំណាន បានបញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីស្មារតីរួបរួម និងការគាំទ្រយ៉ាងពេញទំហឹងទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកបានបន្ថែមថា ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់បន្ថែមទៀត សម្រាប់ការកសាង និងអភិវឌ្ឍសង្គមកម្ពុជាយើងឱ្យកាន់តែរីកចម្រើនទៅមុខ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia