ព័ត៌មាន
ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងលោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៃសាលារៀនគោលដៅ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើររហូតសម្រេចបាននូវសមិទ្ធផលនេះ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) នេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន ៥ រួមមាន៖ (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង (៥) ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី (NGS)។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួន។ ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ៕


















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១