ព័ត៌មាន
ម្រេចកម្ពុជា កំពុងទាក់ទាញទីផ្សារពិភពលោក ខណៈប្រាក់ចំណូលកើនលើស ៩លានដុល្លារអាមេរិកក្នុងរយៈពេល ៣ខែឆ្នាំនេះ
ភ្នំពេញ ៖ ការនាំចេញម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និងម្រេច មិនមែន GI របស់កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៦នេះ ដោយរកចំណូលបានជាង ៩លានដុល្លារអាមេរិក ដែលជំរុញដោយការកើនតម្រូវការនៃទីផ្សារសកល ខណៈការប្រមូលផលម្រេច សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹងសម្រេចបានចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ។

បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិកពីនាំចេញផលិតផល ម្រេចកំពត GI និង ម្រេច ធម្មតាដែលមិនមែន GI ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កើនឡើងប្រមាណ ៨៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅ។ ទីផ្សារម្រេចសំខាន់ៗរបស់កម្ពុជា គឺប្រទេសវៀតណាម អាល្លឺម៉ង់ និងបារាំង ជាដើម។

ជុំវិញការនាំចេញផលិតផលម្រេចនេះ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានប្រាប់ BTV ថា សម្រាប់ម្រេចកំពត GI ត្រូវបានគេចុះកិច្ចសន្យាទិញ-លក់ រួចរាល់អស់ហើយ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានព្យាករថា ទិន្នផលម្រេចឆ្នាំនេះ នឹងផ្តល់ផលប្រមាណ ២ម៉ឺនតោន គឺប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

លោក ម៉ាក់ នី បានបន្ថែមទៀតថា សព្វថ្ងៃ ម្រេចធម្មតាមានតម្លៃនៅលើទីផ្សារមិនមានអ្វីប្រែប្រួលនោះទេ គឺប្រហាក់ប្រហែលឆ្នាំទៅដែរ គឺចន្លោះពី ៥ ដុល្លារ ទៅ ៦ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។ ទីផ្សារម្រេចកម្ពុជាគឺប្រទេសវៀតណាម មានប្រមាណ ៨០% និងក្រៅពីនេះគឺទីផ្សារប្រទេស ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប ដែលមានដូចជា អាល្លឺម៉ង់ និងបារាំង ជាដើម។ ពាក់ព័ន្ធនឹងតម្លៃម្រេចធម្មតា នាពេលបច្ចប្បន្ន គឺកសិករអាចទទួលបានផលចំណេញសមរម្យ ដែលអាចទទួលយកបាន។

បើតាម លោក ម៉ាក់ នី ទិន្នផលម្រេចឆ្នាំនេះ រំពឹងថា នឹងសម្រេចប្រមាណ ២ ម៉ឺនតោន គឺប្រហាក់ប្រហែលឆ្នាំទៅដែរ ខណៈផ្ទៃដីដាំដុះម្រេចឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួច ដែលមានផ្ទៃដីដាំដុះកើនដល់ចំនួន ៧ ១២០ហិកតា។ ផលិតករ អាចប្រមូលផលម្រេចចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ បានបញ្ជាក់ថា កម្ពុជារកចំណូលបានជាង ៣១ លានដុល្លារអាមេរិក ពីការនាំចេញម្រេច ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន