Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោម​ប្រធាន​បទ «រួមគ្នាលើកកម្ពស់​ការងារ​សមរម្យ​ក្នុង​បរិបទ​ឌីជីថល​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយ​ឯកឧត្តម​បាន​ផ្តល់នូ​វ​ជម្រើស​ឱ្យ​បង​ប្អូន​កំពុងធ្វើ​ការ​ក្នុង​ប្រកប​មុខរបរ និង​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​​ការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ការ​កម្លាំង​ពលកម្មជាង ៩ម៉ឺនកន្លែង។

ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ គឺជាការ​រំលឹក​ និង​ដាស់​តឿន​ដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ឱ្យដឹ​ង​ពីសិទ្ធិមូលដ្ឋាន ក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បី​ធានា​​ថា​ប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែម​ពី​នេះ ​វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមាគម សហជីព និង​សង្គម​ស៊ីវិល ​សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​របស់​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្ម​អន្ដរជាតិ​នា​ពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិន​ត្រឹម​តែ​ចង់​ឱ្យ​ពលរដ្ឋ​មាន​ត្រឹម​តែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើន​សមត្ថភាព​ខ្លួន​ឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាព​ក៏​កាន់​តែ​ល្អប្រសើរ និងមានប្រព័ន្ធ​គាំពារ​សង្គម​រឹងមាំ​សម្រាប់​បង​ប្អូន​កម្មករ​និយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​។

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែក​ហានិភ័យ​ការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបាន​ក្លាយ​ជា​«សំណាញ់​សុវត្ថិភាព​សង្គម​ដ៏រឹងមាំ»សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុង​អនុវត្តយ៉ាងសកម្មប្រកប​ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិសាល​ភាព​ដោយ​សម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ ឯកឧត្តមក៏បានគូសបញ្ជាក់ថា គោល​ដៅ​រួម​នា​ពេ​លនេះ គឺចង់ជួយបង​ប្អូន​ប្រកប​មុខរបរ និង​ការងារ​សេដ្ឋ​កិ​ច្ច​ក្រៅប្រ​ព័ន្ធ​ដែល​ធ្លាប់​លំបាក​ឱ្យ​ក្លាយ​ទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែល​មិន​ទាន់​បាន​ចុះបញ្ជីនៅក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាល​ឌីជីថល​ដែល​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិន​បើ​ចង់​ចូល​ធ្វើ​ការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ​Hotline របស់ក្រសួង ១២៩៧។

បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និង​ថែ​ទាំ​ម៉ាស៊ីន​ត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែល​បោះបង់​ការ​សិក្សា​ក៏​អាច​ចូល​រៀន​កម្ម​វិធី ​TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ និងភាគីពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​ចូលរួម​ចំណែក​កាន់​តែស​កម្ម​បន្ថែម​ទៀត​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ និងអំពាវនាវឱ្យ​បន្តសហការ​គ្នា​ក្នុង​សា្មរតី​យោគយល់​ខ្ពស់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​ការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។

លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោត​សរសើរ​ចំពោះ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើងពីតួនាទីដ៏​សំខាន់​របស់​ពួក​គាត់​ដែល​ជា​«ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាព​ការងារ​ផង​ដែរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia