Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលជំរុញគោលនយោបាយលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន

ភ្នំពេញ៖ រាជរដ្ឋាភិបាល​ បានធ្វើបច្ចុប្បន្ន​ភាពលើ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ជំនួសឱ្យគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ ដោយ​កែសម្រួលចំណុចសំខាន់ៗមួយចំនួន​ ដើម្បីឱ្យស្របទៅនឹង​លទ្ធភាពរបស់ប្រជាជន។

ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីនេះ ក្នុងគោលបំណងដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពី លំនៅ​ឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកសារគោលនយោបាយថ្មីនេះ ត្រូវបានផ្លាស់ប្តូរ និងកែសម្រួលចំណុចសំខាន់ៗចំនួន ៤ រួមមាន ៖ ទី-១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និងវិស័យឯកជន។ ទី-២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។

ទី-៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និង​ ទី-៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

ការវិភាគស្ថានភាពទីផ្សារលំនៅឋាន បានបង្ហាញថា បរិមាណនៃការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់មានចំនួនលើសពីតម្រូវការជាក់ស្តែង និងពុំសមស្របតាមលទ្ធភាពរបស់ប្រជាជន ខណៈ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច និងមានតម្រូវការច្រើន​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា យល់ស្រប ថា នាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច ព្រោះពុំទាន់មានគម្រោងវិនិយោគច្រើននោះទេ ទៅលើការសាងសង់ បុរី ឬខុនដូ ដែលមានតម្លៃសមរម្យ។​

បើផ្អែកតាមគោលនយោបាយលំនៅឋានជាតិឆ្នាំ២០១៤ កម្ពុជាត្រូវបានរំពឹងថា នឹងមានតម្រូវការផ្ទះបន្ថែមប្រមាណ ១,១លានយូនីត នៅត្រឹម​ឆ្នាំ២០៣០។ ក្នុងនោះ រាជធានីភ្នំពេញ មានតម្រូវខ្ពស់ជាងគេ​រហូតដល់​ ៧០% នៃតម្រូវការលំនៅឋានសរុប។ តម្រូវការខ្ពស់ដោយសារចរន្តបំផ្លាស់ទីរបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុងកើនឡើង​ ដើម្បីមកស្វែង​រកការងារធ្វើ និង​បន្តការសិក្សា ជាដើម​​។ លំនៅឋានតម្លៃសមរម្យមានតម្លៃចន្លោះពី ១៥,០០០ដុល្លារអាម៉េរិក ដល់ ៣០, ០០០ដុល្លារអាមេរិក​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia