ព័ត៌មាន
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា។
តាមរយៈបទអន្តរាគមន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី បានថ្លែងថា ស្ថិតនៅក្នុងបរិការណ៍ដែលស្ថានភាពនៅតាមតំបន់ និងពិភពលោក កាន់តែមានភាពតានតឹង ស្មុគស្មាញ និងប្រកបដោយភាពមិនប្រាកដប្រជា និងដោយសារការកើតឡើងនូវទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម ជាមួយនឹងការប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើតែលែងគោរពកិច្ចព្រមព្រៀង គួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម។ នៅក្នុងបរិបទនេះ កម្ពុជាពិតជាមានសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ជាងពេលណាទាំងអស់ ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្ដិភាព អធិបតេយ្យជាតិ និងផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន សិក្សាឈ្វេងយល់អំពី បទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្ដិភាព ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមជាតិតាមគំរូមួយចំនួន ក្នុងនោះមាន៖ ទីមួយគឺប្រព័ន្ធពលរដ្ឋម្នាក់ ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអ៊ែល, តាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោង ប៉ុន្ដែបានរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្ដិសុខជាតិ រក្សាអព្យាក្រឹត ប៉ុន្ដែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ និងបណ្ដុះស្មារតីឱ្យប្រជាជនមានអារម្មស្រឡាញ់ និងទទួលខុសត្រូវ រួមចំពោះជាតិ។ គំរូទីពីរ គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការ ដែលអនុវត្តនៅតាមប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាងឡង់ តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិ ចំពោះបុរស និងដោយស្ម័គចិត្តចំពោះស្រ្ដី ដោយលើការបណ្ដុះបណ្ដាលខ្លាំង និងត្រៀមកម្លាំងបម្រុង និងរក្សាកងយោធា ពេញម៉ោងតូចល្មម ប៉ុន្ដែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់ និងគំរូទីបី គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធា ដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់ និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននូវមានកម្រិត ប្រព័ន្ធកាតព្វកិច្ចតាមសេចក្ដីត្រូវការជាក់ស្ដែង វាជាជម្រើសដែលសមស្របក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង ឬយើងហៅថាទ័ពអាជីព និងបង្កើតកងទ័ពបម្រុងផងដើម្បីធានាដល់រដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿន គ្រប់គ្រាន់សម្រាប់បម្រើសេចក្ដីត្រូវការចាំបាច់ និងបន្ទាន់ នេះផ្អែកទៅលើបទពិសោធជាក់ស្ដែងដែលយើងប្រឈមនៅពេលថ្មីៗនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា៖«អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង និងដែលឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»៕





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា