ព័ត៌មាន
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
ក្នុងបទអន្តរាគមន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចបានមានប្រសានស៍បញ្ជាក់ថា ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ពិភពលោកបច្ចុប្បន្ន បានឈានទៅដល់របត់ថ្មី ដែលកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មី ដោយសារតែកំណើននៃទំនាស់ព្រំដែន ទំនាស់ពាណិជ្ជកម្ម និងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ច ព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួចស្រាល់ ដែលជាសម្ពាធ និងជាការប្រឈម ព្រមទាំងជាវិញ្ញាសារ និងជាឱកាសផង។ កម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឱ្យទៅជាឱកាស ជាពិសេសការរក្សាសន្ដិភាព ការការពារអធិបតេយ្យបូរណភាពទឹកដី និងមាតុភូមិជាទីស្រឡាញ់របស់យើង នៅក្នុងដំណើរការឆ្លងកាត់របត់ថ្មី និងសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់ និងជោគជ័យ។
សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។
សម្ដេចធិបតី បញ្ជាក់ជាថ្មីថា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។ បរិការណ៍នេះហើយដែលជំរុញដល់រដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាឧបករណ៍គតិយុត្តគ្រប់គ្រាន់ ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្រ្ដការពារជាតិប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាពសម្រាប់បច្ចុប្បន្ន និងអនាគត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានពន្យល់ថា ច្បាប់កាតព្វកិច្ចយោធានេះ មិនត្រឹមតែជាឧបករណ៍ ចាំបាច់ក្នុងការកសាង កម្លាំងទ័ពសម្រាប់ការពារជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាព ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកម្លាំងត្រៀមបម្រុង និងជាធនធានដ៏រាំងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិ។
សម្ដេចធិបតីលើកឡើងទៀតថា ស្ថិតនៅក្នុងគោលដៅនេះទើបរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្ម និងកំណែទម្រង់វិស័យយោធារបស់កម្ពុជា ដោយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈគ្រឿងបំពាក់។ បន្ថែមលើនោះ ការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយក្នុងការធានាប្រសិទ្ធភាពការពារជាតិរបស់កងទ័ពនាពេលបច្ចុប្បន្ន និងទៅអនាគត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅក្នុងឆ្នាំ២០២៦នេះ គឺពិតជាចាំបាច់មិនអាចខ្វះបាន ក្នុងការរួមចំណែកធានាការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងការឯកភាពជាតិរបស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែជាការរួមចំណែកក្នុងការពង្រឹង និងបង្កើនសមត្ថភាពការពារសន្ដិភាព ការពារអធិបតេយ្យភាពបូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក្របកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងសុឆន្ទៈបម្រើជាតិ មាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕




-
PR NEWS5 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន3 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន2 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន4 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន6 days agoUNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន4 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ