Connect with us

ព័ត៌មាន

តម្លៃជ័រកៅស៊ូធម្មជាតិហក់ឡើង ខណៈរោងចក្រផលិតសំបកកង់រថយន្តក្នុងស្រុកកំពុងមានតម្រូវខ្ពស់

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថា តម្លៃជ័រកៅស៊ូធម្មជាតិ បានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម​ និង​ ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ខណៈ​រោងចក្រ​ផលិតសំបកកង់រថយន្ត​កំពុងមានតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើង។​

លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានកៅស៊ូ បាន​​ឱ្យដឹងថា នាពេលនេះ ជ័រកៅស៊ូធម្មជាតិ ជាលក្ខណៈគ្រួសារ ទិញនៅចម្ការ គឺ​ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម​ និង​ ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ដែលតម្លៃអាស្រ័យទៅតាមរយៈពេលបង្កក និងតំបន់។

លោក ឃុន កក្កដា បន្តថា ដោយឡែក ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៤ខែដើមឆ្នាំ​២០២៦នេះ សម្រេចបាន​ក្នុងបរិមាណ ៨១ ១១៧ តោន ហើយតម្លៃជ័រកៅស៊ូសម្រាប់នាំចេញទីផ្សារអន្តរជាតិ មានតម្លៃជាមធ្យម​ ១ ៧៨៥ ដុល្លារអាម៉េរិកកក្នុងមួយតោន​។ តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ដែរ គឺ ជាមធ្យម ១ ៧៥៦ ដុល្លារអាម៉េរិក ក្នុងមួយតោន។

ប្រទេសចិន គឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៤៥% នៃតម្រូវការសរុបនៅឆ្នាំ២០២៤ ហើយប្រទេសចិនក៏​អ្នកផលិតសំបកកង់រថយន្តធំជាងគេបំផុតរបស់ពិភពលោក ផងដែរ។​

បើតាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា​មានរោងចក្រផលិតសំបកកង់រថយន្តកើនដល់ចំនួន ៨ ហើយ ក្នុង​នោះ រោងកច្រចំនួន ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម និងរោងចក្រចំនួន ២ទៀតកំពុងដំណើរការសាងសង់​។ ជ័រកៅស៊ូក្នុងស្រុកគឺជាវត្ថុធាតុដើមជាចម្បងសម្រាប់ផលិតសំបកកង់រថយន្ត ដែលស្រូបទាញជ័រកៅស៊ូចំនួន ១២៤ ២៣១តោន កាលពី ក្នុងឆ្នាំ​២០២៥ ហើយបរិមាណជ័រកៅស៊ូ ប្រើប្រាស់ក្នុងស្រុក រំពឹងថា នឹងកើនឡើងថែមទៀតសម្រាប់ឆ្នាំ​២០២៦នេះ៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia