Connect with us

ព័ត៌មាន

អនុប្រធានទី១ CDC៖ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប នឹងបន្តរីកចម្រើន ដើម្បីផលប្រយោជន៍ រួមប្រជាជាតិទាំងពីរ

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) និងពិភពលោក, ទិវានេះត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ច សហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយ សង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុប ក្នុងការបង្ហាញនូវតម្លៃរួមសេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើ សកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះប្រជាជន និងបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុបទាំងអស់ និងបានរំលឹកពីសារៈសំខាន់នៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន ដែលជាគ្រឹះស្ថាននៃសន្តិភាព ស្ថិរភាព និងវិបុល ភាព សម្រាប់អឺរ៉ុប និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ កម្ពុជា, កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿ យ៉ាងមុតមាំ ថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់ តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទីផ្សារសហភាពអឺរ៉ុបបានស្រូបយកទំនិញកម្ពុជា មានទំហំទឹកប្រាក់ជិត ១.២០០ លាន ដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំមុន គាំទ្រដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ សំបកកង់រថយន្ត អង្ករ ស្វាយចន្ទី ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia