Connect with us

ព័ត៌មាន

អ្នកវិភាគ៖ ការ​អនុវត្តច្បាប់កាតព្វកិច្ចយោធាពេលនេះ គឺជាកិច្ចការសំខាន់ដើម្បីពង្រឹង​ខឿន​ការពារ​ជាតិ​​កម្ពុជា

​អ្នកវិភាគ និងជំនាញខាង​វិទ្យាសាស្រ្តនយោបាយ បានចាត់ទុក ការរៀបចំដាក់​ឱ្យ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​នៅ​ឆ្នាំ២០២៦នេះ គឺជាកិច្ចការងារដ៏មានសារៈសំខាន់ដើម្បីពង្រឹង​ខឿនការពារ​ជាតិ​របស់​​កម្ពុជា តាមរយៈការចូលរួមដោផ្ទាល់ពីប្រជាពលរដ្ឋ ខណៈកន្លងទៅ​យុវជន​ខ្មែរ​ជា​ច្រើន​ចង់​ចូល​រួម​ក្នុង​វិស័យការពារជាតិនេះ។ ប៉ុន្ដែក្រុមអ្នកវិភាគក៏អំពាវនាវឱ្យអនុវត្តឱ្យមានយុត្តិធម៌ សមធម៌​ និងតម្លាភាពក្រោយការដាក់ឱ្យអនុវត្តច្បាប់នេះជាផ្លូវការ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើក​ឡើង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជា​មួយ​ BTV ថា ការ​ដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានេះគឺជា​ការ​ធានានូវការ​ចូលរួមក្នុងការ​ការ​ពារ​ជាតិ​ទាំងអស់គ្នា មានន័យថា ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងយុជន​ទាំងអស់ បានចូល​រួម​នៅ​ក្នុង​វិស័យការពារជាតិ។ លោកលើកឡើងថា កន្លងទៅនៅពេល​ដែល​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការពារជាតិ​ ក្នុងអំឡុងពេល​ប្រកាស​ជ្រើសរើស​នាយទាហាន ឬពលទាហាន គឺមាន​យុវជន​​រា​ប់ពាន់នាក់​​ទាំងបុរស និងស្រ្ដី​បានចុះឈ្មោះ​ចង់ចូលរួម​បម្រើការងារ​នៅក្នុងវិស័យ​ការ​ពា​រ​ជាតិ​ ប៉ុន្ដែ​ពេលនោះកម្ពុជា​មិនទាន់ប្រើប្រាស់​យន្តការ​ច្បាប់​ដើម្បីជ្រើសរើស​កងទ័ព​ច្រើន​នៅ​ឡើយ​។

លោក​បន្តថា ដូច្នេះ​ការ​រៀបចំដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦នេះ គឺជា​ការ​ផ្ដល់​ឱកាសឱ្យយុវជន​ខ្មែរ​ទាំងអស់បានចូលរួមដោយការ​ស្ម័គ្ររបស់ខ្លួនផង និងដោយ​កាតព្វ​កិច្ច​ផង​​ ដើម្បីការពារជាតិ និងមាតុភូមិ ស្របទៅនឹង​ស្ថានការណ៍ថ្មីនៃការ​ប្រែប្រួល និង​វិវដ្ដ​របស់​ពិភព​លោក។ ប៉ុន្ដែជាមួយគ្នានេះ ក្រោយពីការ​ដាក់ឱ្យអនុវត្តជាផ្លូវការ​នូវច្បាប់​កាតព្វកិច្ចយោធានេះ លោក​បណ្ឌិត យង់ ពៅ ក៏អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវ​អនុវត្តឱ្យមានយុត្តិធម៌ សមធម៌ និងតម្លាភាព។

សូមជម្រាបថា រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា  ក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា។

ក្នុងបទអន្តរាគមន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសម័យរដ្ឋសភានេះ, សម្ដេច​បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំនួនបី ដែលយុវជនខ្មែរនឹងទទួលបានពីការ​អនុវត្តច្បាប់​កាតព្វកិច្ចយោធានេះ ក្នុងនោះមាន អត្ថ​​​ប្រយោជន៍ផ្ទាល់ទាំងលើវិស័យការពារជាតិ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ និងអត្ថ​ប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia