Connect with us

ព័ត៌មាន

ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ច​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​បាគង ​បាននិងកំពុងគាំទ្រដល់ការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៦ ​ម្សិលមិញនេះ បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា, ក្នុងជំនួបនេះភាគីទាំងពីរ បានលើកឡើងពីកិច្ចសហ- ប្រតិបត្តិ​ការ​ល្អ ​ជំរុញនវានុវត្តន៍ហិរញ្ញវត្ថុដូចជា គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និង​កិច្ច​សហ​ប្រតិបត្តិការរវាង ការិយាល័យឥណទាននៃប្រទេសទាំងពីរជាដើម។ ភាគីទាំងពី​រ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបញ្ហាប្រឈម និងស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​ផង​ដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃប្រព័ន្ធ​ទូទាត់​ឌីជីថល​នៅ​​កម្ពុជា និងភាពងាយ ស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។

ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បាន​លើកឡើ​ង​ពី​វឌ្ឍនភាព​នៃ​ដំណើរកា​រ​ប្រព័ន្ធ​ទូទាត់​បាគង ​និងអត្ថប្រយោជន៍នៃ ដំណើរការប្រព័ន្ធទូទាត់នេះ ក្នុងការគាំទ្រដល់​ការ​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើ ប្រាស់ប្រាក់រៀល។ ជាមួ​យ​គ្នា​នេះ ​ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ការ​ចែក​រំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធ​ប្រឆាំង​ការឆបោ​ក​តាមអនឡាញ និងបទល្មើសហិរញ្ញវត្ថុ ឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia