Connect with us

ព័ត៌មាន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធខួបទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បី​រំឭក​គុណ​បំណាច់​ដ៏​ធំ​ធេង

ប៉ៃលិន៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា» ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា អតីតយុទ្ធជន និងនិវត្តជន មិនត្រូវបានមើលរំលងឡើយ ពោលគឺទទួលបានការយកចិត្តទុកដាក់ជាខ្លាំងពីប្រមុខថ្នាក់ដឹកនាំ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទំនុកបម្រុងលើជីវភាពរបស់អតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្ម ជាដើម។

លោកជំទាវ បានបញ្ជាក់ទៀតថា ការប្រារព្ធខួបទិវា «អតីតយុទ្ធជន និងនិវត្តជន កម្ពុជា» គឺក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត អំពីអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងបំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន ក្នុងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។

របាយការណ៍របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានបង្ហាញថា បច្ចុប្បន្ន អតីតយុទ្ធជននៅខេត្តប៉ៃលិន បានចូលជាសមាជិក អ.ន.ក. ខេត្តប៉ៃលិន សរុបចំនួន១,៤៥១នាក់ ក្នុងនោះ ជនពិការ ចំនួន៧៨៥នាក់, និវត្តជន ចំនួន៤៩៥នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន១៥ នាក់, គ្រួសារជនពលី ចំនួន១២៦នាក់ និងគ្រួសារជនមរណៈ ចំនួន៣០នាក់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia