ព័ត៌មាន
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។
ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕









-
PR NEWS6 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
កីឡា5 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស