ព័ត៌មាន
កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាងដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។
ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តកំណត់ហេតុស្ដីពីសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។
ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ តាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តមក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តម Vanthong KONGMANY ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបន្ថែមទៀតថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសន្តិសុខ រវាងក្រសួងទាំងពីរ នាពេលកន្លងមក។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់ ដែលទាមទារ នូវកិច្ចសហការរួមគ្នារវាងប្រទេស និងប្រទេស។
ជាទីបញ្ចប់, សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ ដែលនឹងចូលរួមចំណែកគាំទ្រដល់ការតភ្ជាប់ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ