Connect with us

ព័ត៌មាន

អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅត្រង់ទីតាំងដែលស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការចុះបំពេញបេសកកម្មការងារនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការអនុវត្តការងារសាងសង់ដែលកំពុងបោះជំហានក្នុងទិសដៅវិជ្ជមាន និងសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់ទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។ តាមរយៈការចុះពិនិត្យនេះដែរ គណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសគ្រប់ផ្នែក ដែលបាននិងកំពុងបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ ដើម្បីបានជាឧត្តមប្រយោជន៍ជាតិក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ឱ្យកាន់តែមានសក្តានុពល និងមានភាពប្រកួតប្រជែងខ្ពស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia