Connect with us

ព័ត៌មាន

សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទាន សម្រាប់ពង្រីកអាជីវកម្ម

អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការ​ចូលរួម​អនុវត្ត​បញ្ជី​កាតព្វកិច្ច​គណ​នេយ្យ ​និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាស​ទទួល​បាន​ឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើង​នៅ​ក្នុង​សន្និសីទ​ស្តីពី​អាជីព ​ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ​ថា ​បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម បាននិងកំពុង ពង្រឹងតាម​គោលដៅ​ដែល​បាន​កំណត់ ​នៅក្នុងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម គឺការបង្កើត​ប្រព័ន្ធ​គណ​នេយ្យ ​និងសវនកម្មមួយដែលរឹងមាំ គណនេយ្យភាព តម្លាភាព និងអាចទុកចិត្តបាន ។ បញ្ហា​នេះ កម្ពុជាមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ គណនេយ្យ និងសវនកម្មឆ្នាំ២០២៥-២០៣៥ ហើយក​ន្លងមកក្នុងក្របខណ្ឌនៃច្បាប់, និយ័តករគណនេយ្យ និងសវនកម្ម បានអនុវត្ត វិធាន​ការ​ពង្រឹងអ​នុលោមភាព, ក្នុងនោះវិធានការទោសទណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ហើយ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករ បានចាប់អនុវត្តកាតព្វកិច្ចកំណត់ដោយច្បាប់រួមមាន៖ កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ, កាតព្វកិច្ចរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និង​កាតព្វ​កិច្ច​ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

ឯកឧត្តម បន្តថា បញ្ហានេះវិស័យឯកជនដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម ត្រូវ​មាន​ការ​យល់ដឹ​ង​បន្ថែម​អំពី​បទប្បញ្ញត្តិថ្មីៗ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ក្នុងនោះការ​ចូល​រួម​អនុវត្ត​តាម​ស្តង់ដារ គណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់ អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោង​ចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និង​បញ្ជី​គណនេយ្យ​អាច​ទុក ចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបាន​ឥណទាន​ផ្សេង​ៗ​ដើម្បី​បង្កើន​ទុនវិនិយោគ និងជាការចូលរួម ចំណែកដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។

ឯកឧត្តម ប៊ូ ថារិន សង្កត់ធ្ងន់ថា ជុំវិញបញ្ហាខាងលើនេះ ម្ចាស់រោងចក្រ សហគ្រាស​ទាំង​អស់​គឺស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង់នៃ បទប្បញ្ញត្តិ ដោយមិនអាចអនុវត្តវិជ្ជាជីវៈគណនេយ្យ និង​សវន​កម្ម​ដោយ​សេរីគ្មានការគ្រប់គ្រងនោះឡើយ ដោយក្នុងក្រមខណ្ឌនៃច្បាប់ និយ័តករគណនេយ្យ និង​សវនកម្មបានកំពុងអនុវត្តវិធានការពង្រឹងអនុលោមភាព វិធានការទោសទណ្ឌ ក្នុងនោះ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករបានអនុវត្តកាពត្វកិច្ចដែលកំណត់ដោយច្បាប់រួមមាន កាពត្វកិច្ច​កាន់​បញ្ជី​គណ​នេយ្យ ការរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និងកាពត្វកិច្ច​ដាក់​របាយ​ការណ៍ហិរញ្ញវត្ថុឱ្យរបាយការណ៍សវនកម្មឯករាជ្យ ប្រសិនជាប់លក្ខខណ្ឌតម្រូវ។ បញ្ហា នេះ​ឃើញ​ថា​ក្រុមហ៊ុនជាច្រើនចូលខ្លួនដោយស្ម័គ្រចិត្ត ខណៈក្រុមហ៊ុនមួយចំនួនត្រូវបានបង្ខំ។ ឯកឧត្តម បញ្ជាក់ថាបន្ថែមថា ប្រសិន រោងចក្រ សហគ្រាសនានា មិនអនុវត្តនូវ​កាពត្វកិច្ច​គណ​នេយ្យ​ដាក់​របាយការណ៍គ្រប់ប្រព័ន្ធ E-filing របស់និយ័តករ នឹងរងនូវការផាក ពិន័យ (សហ​គ្រាស​មិន​អនុវត្ត ៥០ លានរៀល និងសហគ្រាសដែលរងសវនកម្មពិន័យ ៦០ លានរៀល)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia