Connect with us

ព័ត៌មាន

ពលរដ្ឋខេត្តកំពតជាង ៧០០០នាក់ ទទួលការព្យាបាលឥតគិតថ្លៃ ពីគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

ប្រជាពលរដ្ឋរស់នៅខេត្តកំពត ជាង៧០០០នាក់ ទទួលការព្យាបាលជំងឺ និង​អំណោយ​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី, នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដងទ​ង់ ​នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់​ពី​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៧៨៣នាក់ និង​នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បី​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​សុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀង​អាហារ​មាន​ជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋរស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយ​ឥតគិតថ្លៃ បានចំនួន៧,២៣៦នាក់ស្រី៤,៩៩២នាក់។

ការពិគ្រោះ ពិនិត្យ ព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺ​រោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺ​សើ​ស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺ​គ្រុន​ឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់​ចង្វាក់​បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស និងមានចែក​វ៉ែនតា​ចំនួន ៥០០​ផងដែរ។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានពាំនាំមក​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរសុ​ខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋ​មន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលនាពេលនេះ។ ក៏​សូម​វាយ​តម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និង​ក្រុម​ការ​ងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យជំនាញ មាន​បទ​ពិសោធន៍​ល្អ​ៗ ក្នុង និងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែម​ទាំង​បាន​លះ​បង់​ទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងពេលវេលា ដើម្បីជួយ​ដល់​ប្រជា​ពលរដ្ឋ​ជាតិ​មាតុភូមិ​របស់យើង ដោយមិនខ្លាចពីការនឿយហត់ឡើយ៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia