Connect with us

ព័ត៌មាន

វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​

វិស័យស្រូវអង្ករ ត្រូវការឥណទាន​សម្រាប់​​ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់ប្រមូល​ទិញស្រូវសើមពីប្រជាកសិករ​នៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧​​។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែ​​ល​តែង​តែ​គិត​គូរ​ខ្ពស់​ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលាន​ដុល្លាអាម៉េរិក តាម​រយៈ​​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) នៅពេល​រដូវប្រមូលផលស្រូវ​ម្តង់ៗ។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​មើលឃើញថា រាជរដ្ឋាភិបាល​តែង​តែ​គិ​តគូរដល់វិស័យស្រូវអង្ករ​ ជាពិសេស​ ការផ្តល់ភាពងាយស្រួលក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​​​ ពី​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) ដែលជា​ស​ហគ្រាស​របស់​រដ្ឋ​គ្រប់​គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។​

លោកឧកញ៉ា បានបញ្ជាក់ទៀតថា នៅរដូវប្រមូលផលស្រូវខាងមុខនេះ អ្នកក្នុងវិស័យស្រូវអង្ករ ត្រូវ​ការ​ឥណទានសម្រាប់​ទុនបង្វិលប្រមាណ ៣០០ ទៅ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ដែលរំពឹងថា​នឹង​ផលិតបានលើសពី ១៥លាន​តោន។ ក្រៅពីនេះ សហព័ន្ធ​ស្រូវ​អង្ករ ​ក៏​មានផែនការត្រៀមថវិកាប្រមាណ ​១៥០លានដុល្លារអាម៉េរិកទៀត ​សម្រាប់វិនិយោគ​លើ​ការ​​​​ពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវអង្ករ​​ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និង ឡ​សំម្ងួត បន្ថែមទៀត ក្នុងទិសដៅសម្រាប់​រយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ។​ ដោយ​ភាព​រីក​ច្រើន​ជា​លំដាប់​នៃការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល​ លោកជឿជាក់ថា កម្ពុជាអាច​ផលិត​ស្រូវ ​ទាំងស្រូវវស្សា និងស្រូវប្រាំង កើន​​ដល់ ១៨ ទៅ ២០ លាន​តោន ក្នុងរយៈពេល ៥​ឆ្នាំ​ខាង​មុខ។​

ជារៀងរាល់ឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ​ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) តែងតែបញ្ចេញថវិការប្រមាណ ១០០ លានដុល្លារអាម៉េរិក​ ដែល​ជាទុនបង្វិល និង​ទុន​វិនិយោគ​​ ផ្តល់ទៅឱ្យ​អ្នក​កក្នុង​វិស័យស្រូវអង្ករ​ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។​ ជាមួយគ្នា រាជ​រដ្ឋាភិបាល​ក៏មាន​ឥណទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ​ ដើម្បី​លើក​ស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដែលថវិកា​នេះ​នឹង​បញ្ចេញ​មក​អន្តរាគមន៍​ជាបន្ទាន់នៅពេល​ដែល​តម្លៃកសិផលនានាជួបនឹង​វិបត្តិប៉ុណ្ណោះ​។ នេះ​បើ​តាម​​ លោក ចាន់ សីហា អ្នកនាំពាក្យ ធនាគារ ARDB ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា ក្នុងឆ្នាំ២០២៥ កន្លង​ទៅ​​ កម្ពុជាផលិតស្រូវសរុបបានចំនួន ១៥,០៩លានតោន (ស្រូវប្រាំងចំនួន ៤,២៥​លាន​តោន និងស្រូវវស្សាចំនួន ១០,៨៤លានតោន) កើនឡើងចំនួន ១,២០លានតោន ស្មើនឹង ៨,៦៥% ធៀបឆ្នាំ២០២៤។ តាមការវាយតម្លៃតុល្យភាពស្បៀង កម្ពុជាមានអតិរេកស្រូវចំនួនជាង ៩,១៥​លានតោន និង គិតជាអង្ករ ៥,៨៦លានតោន ដែលអាចសន្និដ្ឋានបានថា កម្ពុជា​ធានា​បាននូ​វ​សន្តិសុខស្បៀង និងសល់សម្រាប់នាំចេញ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia