Connect with us

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ CDC និង AmCham ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ប្តេជ្ញាបន្ត​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ រវាងរដ្ឋនិងឯកជន ឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម​កម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួប​ប្រតិភូ​សភា​ពាណិជ្ជ​កម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham ពិភាក្សា​ការ​ងារ​អំពី​ការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័ន​រដ្ឋ និង​វិស័យ​ឯក​ជន ដែលគ្រោងនឹងធ្វើឡើង នាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួល​បន្ទុកធ្វើជាអ្នកសម្របសម្រួលនិងរៀបចំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់ លើការ​កំណត់​ប្រធាន​បទ​ពិភាក្សាឱ្យបាន ច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹង​បច្ចុប្បន្ន​ភាព​នៃ​និន្នាការ​សេដ្ឋ​កិច្ច​សកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និង ការស្វែងរកដំណោះស្រាយរួមគ្នា សំដៅ​ធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។

ជាការឆ្លើយតប, លោកប្រធាន Devin Barta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​បាន​បង្ហាញ​នូវ​ក្តីសោមនស្សរីករាយ ដែល AmCham ទទួលបានសេចក្តីទុកចិត្ត ក្នុងការរៀបចំ​ពិធី​ទទួល​ទាន​អាហារពេលព្រឹកធុរកិច្ចលើកទី២ ដែលនេះជាវេទិកាដ៏សំខាន់ ក្នុងការបង្កើន​ការ​សន្ទនា​ដោយ​ត្រង់​ទៅត្រ​ង់មក និងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។

តាមរយៈការត្រៀមរៀបចំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភា​ពាណិជ្ជកម្ម​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា​រំពឹងថា នឹងបន្តដើរតួ ជាកាតាលីករដ៏សំខាន់មួយ ក្នុងការលើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួល ដល់ប្រតិបត្តិការ​វិនិយោគិន​ពី​វិស័យ​ឯក​ជន​។ បញ្ហានេះដែរ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការរៀបចំកម្មវិធីនេះ ឱ្យ​ទទួល​បាន​លទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុង​ន័យរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីក​ចម្រើន​ប្រក​ប​ដោយ​ចីរភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia