Connect with us

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ សុខដុមនីយកម្ម និងជំនឿសាសនា ត្រូវបានពង្រឹងដោយរាជរដ្ឋាភិបាល

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានរំលឹកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា។

ឯកឧត្តមបណ្ឌិត សៀ សុភ័ក្រ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីខួប២៥ឆ្នាំ នៃក្រុមជំនុំមេតូឌីស្តព្រះពរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់និកាយសាសនា ព្រមទាំងប្រឆាំងរាល់ការរើសអើងគ្រប់ទម្រង់ ការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា ជាពិសេស ការមិនចុះសម្រុងនឹងច្បាប់រដ្ឋ និងអាជ្ញាធរដែនដីជាដើម។

ឯកឧត្ដម បានបញ្ជាក់ទៀតថា សេរីភាពខាងជំនឿសាសនា គឺពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសាសនាដទៃទៀតយ៉ាងពិតប្រាកដ មិនថាឡើយ ព្រះពុទ្ធសាសនា ឬឥស្លាមសាសនា ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតនោះឡើយ។

លោកគ្រូ គឹម វិវត្ត គ្រូគង្វាល ក្រុមជំនុំមេតូឌីស្តព្រះពរខេត្តបន្ទាយមានជ័យ  បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ តែងតែជួយសម្របសម្រួលដល់ក្រុមជំនុំឱ្យចូលរួមគ្រប់សកម្មភាពកិច្ចការងារសង្គម។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា គ្រីស្ទបរិស័ទ បានចូលរួមសកម្មភាពសង្គមជាច្រើន ជាពិសេសក្រុមជំនុំមេតូឌីស្ទព្រះពរ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជួយសង្គម ដូចជា វិស័យសុខាភិបាល មានពេទ្យមកព្យាបាលដោយឥតគិតថ្លៃ វិស័យអប់រំរួមមាន ភាសា ចំណេះ ជំនាញ តន្ត្រីសិល្បៈ កីឡាតៃខ្វាន់ដូ និងបាល់ទាត់ វិស័យកាកបាទក្រហម ទាំងផ្នែកគ្រោះមហន្តរាយ ផ្នែកគ្រួសារងាយរងគ្រោះបំផុតជួយប្រចាំខែជាង១០០គ្រួសារ ជាអំណោយក្តីស្រឡាញ់ជាពិសេសកំអឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈ្លានពានបូរណភាពទឹករបស់កម្ពុជា៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia