ព័ត៌មាន
កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។

តាមរយៈការសង្កេតផ្ទាល់នាថ្ងៃនេះបានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ខណៈកម្មវិធីនេះដើរតួនាទីសំខាន់ក្នុងការភ្ជាប់គម្លាតរវាងការអប់រំមូលដ្ឋាន និងការងារប្រកដោយសេចក្តីថ្លៃថ្នូរដល់យុវជនកម្ពុជា ជាពិសេសអតីតពលករ យុវជនក្រៅប្រព័ន្ធសិក្សា និងក្រុមងាយរងគ្រោះ។

អតីតពលករពីប្រទេសថៃជិត ១០០នាក់ (ស្រី ៧នាក់) ទទួលបានវិញ្ញាបនបត្រពីកម្មវិធី RPL នៅវិទ្យាស្ថាន BIT ចាប់តាំងពីដាក់ឱ្យអនុវត្តជាផ្លូវការនាពេលថ្មីៗនេះ ក្នុងនោះពលករចំនួន៥នាក់បានឡើងចែករំលែកបទពិសោធ និងបង្ហាញក្តីរីករាយដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាព និងជំនាញដែលមិនដែលនឹកស្មានដល់នាពេលកន្លងមក។ ពួកគាត់អះអាងថា វិញ្ញាបនបត្រនេះពិតជាសំខាន់និងមានអត្ថប្រយោជន៍ទាំងពេលបច្ចុប្បន្ននិងអនាគត ព្រោះវាធ្វើឱ្យពួកគាត់កាន់តែមានជំនឿចិត្តលើការងារខ្លួនឯងកាន់តែខ្លាំង ជាពិសេសមានឱកាសទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។ តំណាងឱ្យអ្នកទទួលវិញ្ញាបនបត្រពួកគាត់បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើង ហើយពួកគាត់ក៏សំណូមពរឱ្យមានការបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងអបអរសាទរចំពោះប្អូនៗទាំង ៥នាក់ ក៏ដូចជាអ្នកទទួលបានវិញ្ញាបនបត្រផ្សេងៗទៀត ដោយឯកឧត្តមសង្កេតឃើញថា ក្រោយពីទទួលបានវិញ្ញាបនបត្រប្អូនៗហាក់បីដូចជាមានជំនឿទុកចិត្តនៅក្នុងខ្លួនកាន់តែខ្លាំង។ វិញ្ញាបនបត្រនេះអាចនឹងធ្វើឱ្យកន្លែងការងារក៏កាន់តែជឿទុកចិត្ត ព្រមទាំងពិចារណាផ្ដល់ជាកម្រៃបន្ថែមផងដែរ។ ចំណែកអ្នកមានវិញ្ញាបនបត្រហើយទៅប្រកបមុខរបរដោយខ្លួនឯង ដូចជាដុតនំជាដើម ក៏នឹងធ្វើឱ្យអតិថិជនកាន់តែទទួលស្គាល់ ជឿទុកចិត្ត និងទទួលបានប្រាក់ចំណូលច្រើនផងដែរ។ ឯកឧត្តមបន្តថា ក្រៅពីនេះ ប្អូនៗក៏មានឱកាសចេះនូវជំនាញផ្សេងៗទៀត ដូចជាជំនាញទំនាក់ទំនងជាមួយនឹងអតិថិជន។ ភាពជោគជ័យរបស់ប្អូនៗ គឺជាការរំលឹកដ៏មានអត្ថន័យថា ជំនាញដែលកើតចេញពីការខិតខំនិងបទពិសោធជាក់ស្តែង គឺជាទ្រព្យសម្បត្តិដ៏សំខាន់ៗ ដែលសមនឹងទទួលបានការទទួលស្គាល់ជាផ្លូវការពេញលេញ។

ឯកឧត្តម ហេង សួរ បានលើកទឹកចិត្តដល់ប្អូនៗឱ្យជួយបន្តផ្សព្វផ្សាយដល់អ្នកជិតខាង និងអតីតពលករដូចគ្នាឱ្យដាក់ពាក្យធ្វើតេស្តប្រឡងទទួលវិញ្ញាបនបត្រពីកម្មវិធី RPL ដោយឥតគិតថ្លៃនេះ តាមរយៈការឧបត្ថម្ភពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាប្អូនៗជាអ្នកដែលស័ក្តិសមនិងពូកែក្នុងការជួយផ្សាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានពិចារណាក្នុងការសម្រួលលក្ខខណ្ឌដាក់ពាក្យប្រឡង ជាពិសេសលើកទឹកចិត្តដល់អតីតពលករជាស្រ្តីឱ្យបានកាន់តែច្រើន។

តំណាង UN ប្រចាំកម្ពុជា អង្គការ ILO និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) សុទ្ធតែបានសម្តែងនូវការអបអរសាទរចំពោះអ្នកទទួលបានវិញ្ញាបនបត្រទាំងអស់ ជាពិសេសការចែករំលែកបទពិសោធរបស់ប្អូនៗទាំង៥នាក់។ លោកស្រី Xiaoyan Qian មានប្រសាសន៍ថា ប្អូនៗទាំងអស់គឺពិតជាគំរូល្អ ដែលអាចក្លាយជា«ទូតសុច្ឆន្ទៈសម្រាប់ RPL» នៅក្នុងវិស័យផ្សេងៗដែលពួកគាត់កំពុងធ្វើការ ជាពិសេសស្រ្តី។ លោកស្រីសង្ឃឹមថា និយោជករបស់ពួកគាត់នឹងឱ្យតម្លៃដល់ការធ្វើតេស្តនេះ ហើយទាំងអតីតពលករ និងកម្មករផ្សេងទៀតក៏អាចចូលរួមការធ្វើតេស្តផងដែរ។ លោកស្រីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សួរ នាពេលអនាគត កម្មវិធីនេះនឹងកាន់តែរីកចម្រើនបន្ថែមទៀត ដែលនឹងជួយកសាងទំនុកចិត្តមិនត្រឹមតែអតីតពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់យុវជនជំនាន់ក្រោយផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ការផ្តល់នូវធាតុចូលយ៉ាងផុសផុលពីសំណាក់អ្នកចូលរួមពាក់ព័ន្ធ និងសំណូមពរ ដើម្បីឱ្យដំណើរការនៃការអនុវត្តកម្មវិធី RPL កាន់តែមានភាពរលូន និងកាន់តែទទួលបានការចុះឈ្មោះចូលរួមប្រឡង និងទទួលវិញ្ញាបនបត្រកាន់តែខ្ពស់ថែមទៀត៕











-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)