Connect with us

ព័ត៌មាន

ក្រសួងប្រៃសណីយ៍ ប្រកាសកាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ចេញសេចក្ដីជូនដឹងណឹង​ប្រកាស​កាត់បន្ថយរយៈពេលនៃការផ្តល់សេវាសាធារណៈមិនលើសពី ៨ម៉ោង សម្រាប់សេវាដែលមានលក្ខណៈបច្ចេកទេសទាប និងមិនលើសពី ៧ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ដល់សាធារណជន ក្រុមហ៊ុន សហគ្រាស ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ថា ដោយពិនិត្យឃើញថា កន្លងមកការផ្តល់សេវាមិនទាន់អាចឆ្លើយតបទាន់ពេល ដោយអាចប្រើរយៈពេលរង់ចាំចាប់ពី ៣ ទៅ ១៥ថ្ងៃ សម្រាប់សេវាសាធារណៈដែលមានលក្ខណៈបច្ចេកទេសទាប ឬ ១៦ ទៅ ៦០ថ្ងៃ ក្នុងករណីសេវាដែលមានលក្ខណៈបច្ចេកទេសខ្ពស់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក.ប.ទ. បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាសាធារណៈឱ្យកាន់ តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការកែសម្រួលនីតិវិធីនិងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ ប្រភេទ ដូចខាងក្រោម៖

១. ការកំណត់រយៈពេលថ្មី

រយៈពេលនៃការផ្តល់សេវានឹងចាប់ផ្តើមគិតចាប់ពីពេលដែលពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌរបស់សេវានីមួយៗ និងបានភ្ជាប់មកជាមួយឯកសារតម្រូវការចាំបាច់គ្រប់គ្រាន់ ដែលត្រូវកំណត់ ដូចខាងក្រោម៖

– រយៈពេលមិនលើសពី ៨ម៉ោងនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសទាប។

– រយៈពេលមិនលើសពី ៧ថ្ងៃនៃថ្ងៃធ្វើការ ក្នុងការសម្រេចផ្តល់ជូន សម្រាប់សេវាសាធារណៈ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់។

២. ព័ត៌មានបន្ថែម និងការផ្តល់មតិត្រឡប់

– លក្ខខណ្ឌ និងឯកសារតម្រូវការសម្រាប់ការស្នើសុំសេវា ព្រមទាំងព័ត៌មានពាក់ព័ន្ធផ្សេងទៀត សូមស្វែងរកលើគេហទំព័រ www.mptc.gov.kh ឬបណ្តាញសង្គមផ្លូវការរបស់ ក.ប.ទ.។

– ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាព សាធារណជនអាចសាកសួរព័ត៌មានបន្ថែម ឬផ្តល់មតិកែលម្អ តាមរយៈទូរសព្ទ Hotline 123 រៀងរាល់ម៉ោងធ្វើការ ឬផ្ញើអ៊ីមែលមកកាន់ [email protected]

ពាក់ព័ន្ធនឹងការ​អនុវត្ត​នេះ ក្រសួងមុខងារសាធារណៈបានចាត់ទុក គឺជា «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ក្រសួងមុខងារសាធារណៈបានលើកឡើងថា គ្រប់ក្រសួង ស្ថាប័នទាំងអស់​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ​បាននិងកំពុងអភិវឌ្ឍ កែលម្អ កែទម្រង់ ក៏ដូចជាធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ ធ្វើយ៉ាងណាដើម្បីផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ក្រសួង ស្ថាប័នរួមគ្នាធ្វើនវានុវត្តន៍​ សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពងាយស្រួល ទាន់ពេលវេលា និងដោយប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញដល់ប្រជាពលរដ្ឋ អ្នកទទួលសេវាផងដែរ។

ក្នុងនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមអនុវត្តសាកល្បងលើការកែសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលានៃការផ្តល់សេវាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងបរិបទនៃយុគសម័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្អែកលើបទពិសោធជោគជ័យក្នុងការអនុវត្តសាកល្បង ក.ប.ទ. បានសម្រេចពង្រីក វិសាលភាពបន្ថែមក្នុងការសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាលើការផ្តល់សេវាសាធារណៈទាំងអស់ ដែលស្ថិតក្រោមសមត្ថកិច្ច ក.ប.ទ. សរុបចំនួន ១៥៨ប្រភេទ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia