Connect with us

ព័ត៌មាន

មន្ត្រីក្រសួងពាណិជ្ជកម្ម គាំទ្រការធ្វើជំរឿនមន្រ្តី​ជាក់ស្តែង​តាម​ក្រសួង​-ស្ថាប័ន ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ

ក្រុមមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​គាំទ្រ​រាជ​រដ្ឋាភិបាលដែលចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និង​ផ្ទៀង​ផ្ទាត់​វត្ត​មាន​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំពេញ​ការងារ​នៅតា​មបណ្តាក្រសួង-ស្ថាប័ន ដើម្បីធានា​បាន​នូវ​សង្គតិភាព​ការងារ​ប្រកប​ដោយ​និរន្តរ​ភាព​។

ក្នុងបទសម្ភាសន៍ជាមួយក្រុមមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្រោ​យ​ចប់​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រចនា​សម្ព័ន្ធជា​ក់​ស្តែង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ពួកគាត់បានឱ្យដឹងព័ត៍មាន ប៊ីធីវី ដឹង​ស្រដៀង​គ្នា​ថា ក្នុងនាមជាមន្រ្តីរាជការ គឺមានភាពសប្បាយរី​ក​រាយ​ណាស់​ដែល​បាន​ចូល​រួម​កិច្ច​ការ​ងារ​នេះ ​និងសង្ឃឹមថា ការធ្វើជំរឿននេះ ក៏នឹងជួយសម្រួល​ទៅ​ដល់​ការ​បែង​ចែក​នូវ​ថវិកា​ជាតិ​ដែល​ពាក់​ព័ន្ធ​ប្រាក់បៀ​រវត្ស​ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ក្រុមមន្រ្តី បានលើកឡើងបន្តថា ការធ្វើជំរឿននេះ នឹងមានផលប្រយោជន៍ជាច្រើន ដូចជាអាច​ដឹង​ពី​​ចំនួនមន្រ្តីដែលបានចូលធ្វើការ និង ជាទិន្នន័យជាក់ស្តែង​ ដែលម​ន្រ្តី​ក្រសួង​បាន​មក​បំពេញ​ការងារ ហើយក៏អាចដឹងទៀតថា មន្រ្តីរាជការនៅតាមថ្នាក់អគ្គនាយក និងនាយកដ្ឋានជាដើម ថា​តើ​មាន​មន្រ្តី​គ្រប់គ្រាន់ ឬក៏ខ្វះខាតដែរឬទេ? ដែលអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងផងដែរ។

ពាក់ព័ន្ធការធ្វើជំរឿនក្នុងពេលនេះ ក្រុមមន្រ្តី បានបញ្ជាក់ស្រដៀងគ្នាទៀតថា ក៏ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ដើម្បីឱ្យមន្រ្តីរាជការបានបំពេញនូវសមត្ថភាពនៅក្នុងជំនាញរបស់ពួកគាត់ផ្ទាល់ ដើម្បី​ផ្តល់​សេវា​សាធារណៈកាន់តែល្អប្រសើរជូនដល់ប្រជាជន។

សូមបញ្ជាក់ថា គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួង​មុខ​ងា​រ​សាធារណៈ បានបន្តយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វ​ត្ត​មាន​មន្ត្រី​រាជ​ការ​ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​តាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាន​នូវ​សង្គតិភាព​ការ​ងារ​ប្រកប​ដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់​ប្រតិបត្តិការ​ផ្តល់​សេវា​សាធារណៈ ​ជូនប្រជាពលរដ្ឋ និងធុរជន។

យុទ្ធនាការជំរឿន​នៅក្រសួងពាណិជ្ជកម្មនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៦ ដែលរៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួងពាណិជ្ជកម្ម និង​ទីតាំងទី២. ស្ថិតនៅអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) (សម្រាប់​ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋាន ក.ប.ប. រាជធានី ខេត្ត) ក្នុងគោល​បំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញ​ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia