ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី៖កម្ពុជាកំពុងរៀបចំឱ្យមានស្តង់ដារគោលការណ៍គ្រឹះហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ទីក្រុងនានានៅទូទាំងប្រទេស ដើម្បីឱ្យទីក្រុងមានភាពធន់ និងចីរភាព
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងវេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» នៅថ្ងៃទី១៨ ខែឧសភានេះថា ថា រាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានស្តង់ដារ នូវគោលការណ៍គ្រឹះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេស ហើយកំពុងធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព ដោយផ្តល់អំណាច និងការទទួលខុសត្រូវឱ្យកាន់តែច្រើនដល់រដ្ឋបាលមូលដ្ឋាន។
វេទិកាពិភពលោកលើកទី១៣ ស្តីពី«ទីក្រុង» ត្រូវបានសហការរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋានមនុស្សជាតិ (UN Habitat) និងរដ្ឋាភិបាលសាធារណរដ្ឋ Azerbaijan នៅទីក្រុង បាគូ (Baku) នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងក្តាប់យកឱកាសនៅចំពោះមុខនេះ ហើយយើងកំពុងកសាងកម្ពុជាជាថ្មី។ យើងកំពុងផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកសាងកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ដែលប្រជាជនអាចធ្វើការងារយ៉ាងសកម្ម អាចរកចំណូលបាន មានអាហារបរិភោគគញរប់គ្រាន់នៅលើតុ កុមារបានទៅសាលារៀន និងអាចរស់នៅក្នុងជីវិតរបស់ពួកគេបាន។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «យើងក៏កំពុងរៀបចំឱ្យមានស្តង់ដារ នូវគោលការណ៍គ្រឹះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេសកម្ពុជា។ យើងកំពុងធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព ដោយផ្តល់អំណាច និងការទទួលខុសត្រូវឱ្យកាន់តែច្រើនដល់រដ្ឋបាលមូលដ្ឋាន ផ្តល់គ្រោងការណ៍ថវិកាដ័សមស្រប ការធ្វើផែនការៀបចំដែនដីឱ្យបានត្រឹមត្រូវ ការពង្រឹងភាពជាដៃគូ និងមូលដ្ឋានគ្រឹះផ្សេងៗទៀត ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកែលម្អការគ្រប់គ្រងកាកសំណល់ និងអនាម័យ។ លំហូរចរាចរណ៍ ដឹកជញ្ជូនសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ ការអប់រំ និងការថែទាំសុខភាពជាសកល សកម្មភាពវប្បធម៌ ក៏ដូចជា ការលើកកម្ពស់គ្រោងការណ៍ឥណទានផ្ទះសម្បែងដែលមានតម្លៃសមរម្យ និងបរិយាបន្ន»។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា៖ «យើងក៏កំពុងផ្តោតលើគោលនយោបាយសម្បទានដោយផ្តល់ដីកសិកម្ម និងកម្មវិធីផ្ទះសម្បែងដែលមានតម្លៃសមរម្យ សម្រាប់អ្នកដែលស្ថិតនៅកម្រិតទាបនៃសង្គមរបស់យើង។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ យើងបានផ្តល់ជីវិតថ្មី ដល់គ្រួសារប្រមាណកន្លះលានគ្រួសារ នៅទូទាំងប្រទេសកម្ពុជា។យើងកំពុងបង្កើនឱកាសថ្មីៗសម្រាប់ប្រជាជន ដើម្បីឱ្យពួកគេអាចចាកចេញពីការតាំងទីលំនៅមិនរៀបរយ។ កម្ពុជាសង្ឃឹមថា នឹងបញ្ចប់ការតាំងទីលំនៅមិនរៀបរយក្នុងរយៈដ៏ខ្លីខាងមុខ»។
ឯកឧត្តម បន្តទៀតថា លើសពីនេះ យើងក៏កំពុងផ្តោតលើការកសាង «ផ្ទះដ៏មានសុភមង្គល» មិនមែនគ្រាន់តែ ជាការផ្តល់ជម្រកស្នាក់នៅនោះទេ យើងកំពុងប្រយុទ្ធប្រឆាំងនឹងការបំផ្លាញដោយគ្រឿងញៀន ជំងឺដង្កាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងនៅតាមផ្ទះ ព្រមទាំងជម្រុញការសន្សំសំចៃក្នុងគ្រួសារ កាត់បន្ថយបំណុលគ្រួសារជារួម ការបរិភោគបន្លែបៃតង ទ្រទ្រងសុខភាព និងការបង្កើតសួនសាធារណៈបន្ថែមទៀត ដើម្បីឱ្យប្រជាជនមានសកម្មភាពរាងកាយ។យើងក៏កំពុងលើកកម្ពស់វប្បធម៌ និងតម្លៃគ្រួសារ ផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា៖ «ដោយមិនត្រឹមតែផ្តោតលើការអប់រំផ្នែក STEM ប៉ុណ្ណោះទេ ប៉ុន្តែយើងជឿជាក់ថាកុមារគួរតែទទួលបានការបំផុសគំនិតពីសិល្បៈ ការលេងតន្ត្រី និងការអានសៀវភៅនៅផ្ទះ។ ទោះជាយ៉ាងណា ការប្រែប្រួលនៃសណ្តាប់ធ្នាប់ពិភពលោក ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងយ៉ាងច្បាស់ក្រឡែត និងកំពុងមានវត្តមានចំពោះការងើបឡើងវិញរបស់កម្ពុជាក្នុងទសវត្សរ៍កន្លងមកនេះ។ ពិភពលោកដែលមានសន្តិភាពគឺជាផលប្រយោជន៍យុទ្ធសាស្ត្រជាតិរបស់យើង»។
ទោះបីជាស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក៏ដោយ ក៏កម្ពុជាបានបំពេញចំណែករបស់ខ្លួនជាបន្តបន្ទាប់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងរួមចំណែកដល់ជីវៈចម្រុះសកល។ កម្ពុជា ជាប្រទេសទីពីរក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) និងជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ានដែលបានដាក់ជូននូវយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់អព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។នេះបើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី។
ឯកឧត្តម អះអាងថា៖ «យើងក៏បានធ្វើបច្ចុប្បន្នភាពលើការរួមចំណែកជាតិ។ យើងកំពុងបែងចែកថវិកាបន្ថែមទៀតសម្រាប់សកម្មភាពអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើន។ យើងមានគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពលយ៉ាងច្បាស់លាស់ ហើយយើងបានអនុម័តច្បាប់វិនិយោគថ្មី ដែលគិតគូរពីបរិស្ថាន និងកំពុងធ្វើឱ្យវិស័យបិរញ្ញវត្ថុរបស់យើងក្លាយជាវិស័យបៃតង។យើងក៏បានផ្តួចផ្តើមគំនិតបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» និងបានដាក់ចេញនូវសេចក្តីថ្លែងការណ៍រួម ស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងរាជធានីភ្នំពេញ ផងដែរ។ យើងកំពុងសម្លឹងមើលទៅរកយុគសម័យមួយនៃកម្ពុជាថ្មីដ៏មានសក្តានុពល និងសន្យាជោគជ័យ»៕អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)