ព័ត៌មាន
គណៈកម្មការទី៩ នៃរដ្ឋសភា ចុះពិនិត្យការបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញសមត្ថភាពមន្ត្រីឱ្យស្របតាមស្តង់ដារអន្តរជាតិ
ភ្នំពេញ៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានបន្តចុះបំពេញបេសកកម្មការងារតាមដាន និងសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ។

ដំណើរចុះទស្សនកិច្ចសិក្សានេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរដ្ឋសភាបានបញ្ចប់កិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃដដែល ដោយមានការសម្របសម្រួលពី ឯកឧត្តម ជា អូន រដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នៅវិទ្យាស្ថានជាតិអាកាសចរណ៍ពីសំណាក់ គណៈកម្មការទី៩នៃរដ្ឋសភានេះ គឺការផ្ដោតលើការពិនិត្យយន្តការបង្កើនគុណភាពធនធានមនុស្ស
ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាស ទាំងផ្នែករដ្ឋនិងឯកជន។

សូមបញ្ជាក់ដែរថាវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) ដែលជាអតីតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរណ៍ស៊ីវិល (CATC) គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ស្ថិតក្រោមឱវាទរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៃសាធារណរដ្ឋកូរ៉េ ក្នុងទំហំទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ គម្រោងជំនួយនេះ រួមបញ្ចូលទាំងការសាងសង់អគារសិក្សា ការបំពាក់សម្ភារឧបទេសទំនើបៗ និងការបណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រីខ្មែរ ដោយអ្នកជំនាញនិងគ្រូឧទ្ទេសជនជាតិកូរ៉េ។

បច្ចុប្បន្ន វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល កំពុងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស ស្របតាមច្បាប់ បទប្បញ្ញត្តិជាតិ និងបទដ្ឋាន-អនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ក្រៅពីការបណ្តុះបណ្តាលផ្ទៃក្នុង វិទ្យាស្ថានក៏បាននិងកំពុងបើកទូលាយនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានប្រវត្តិភាពខ្ពស់។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងវិទ្យាស្ថានជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងការរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ