Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ ពលរដ្ឋកម្ពុជា​ភាគ​ច្រើន​ដឹង​ច្បាស់​អំពី​សោកនាដកម្ម​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម

ក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ, សម្ដេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង​ និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរបា​ន​ឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម។

តាមរយៈសារផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះជា​ថ្ងៃ​ទិ​វា​ជាតិ​នៃកា​រចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹក និង​ឧទ្ទិស​កុសល​ជូន​ដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចតេជោថ្លែងបញ្ជាក់ថា៖«ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបាន​យល់​ច្បាស់​អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុង​ភ្នក់​​ភ្លើង​សង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញ​ពីទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវ​ស្លាប់​ដោយ​គ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិ​ប្រជា​ធិបតេយ្យ ហើយសូម្បីតែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ដែល​ជា​សិទ្ធិ​មូល​ដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មានដែរ»។

ក្នុងឱកាសនេះ សម្ដេចតេជោក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ដើម្បីកុំអោយ​រប​បនេះ​វិល​ត្រឡប់​មក​វិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia