ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសឡាវ ប្រចាំកម្ពុជា បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍរីកចម្រើន
នាជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្ដមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឱ្យមានការរីកចម្រើនបន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវ ឱ្យកាន់តែមានភាពស្និទ្ធស្នាល។
ឯកឧត្តម សនសៃវ៉ាន់ ណាសៃ លើកឡើងទៀតថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ៗជាច្រើន និងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នានិងប្រទេសឡាវ ហើយមុខមាត់ប្រជាជនក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ អត្រាប្រាក់រៀលក៏នៅតែរក្សាបាន មួយដុល្លារ ៤០០០រៀល។
ឯកឧត្តម សនសៃវ៉ាន់ ណាសៃ បន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឱ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូរធា។ កម្ពុជានឹងឡាវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាជាបងប្អូនយូរលង់ណាស់មកហើយ ហើយកម្ពុជាក៏ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។
ជាការឆ្លើយតបឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងការរីកចម្រើននេះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជាបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាប្រព័ន្ធលូរំដោះទឹកជាដើម។ ទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់និងដោះស្រាយបានជាបន្តបន្ទាប់។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ទៀតថា ប្រទេសឡាវគឺជាប្រទេសមានទន្លេដែលតភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក ដែលវានឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសឡាវ និងប្រទេសកម្ពុជា មានភាពល្អប្រសើរមួយកម្រិតថែមទៀត។
ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ប្រទេសឡាវនិងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឱ្យក្មេងជំនាន់ក្រោយជឿទុកចិត្តបាន មិនដូចប្រទេសជិតខាងខ្លះតែងតែរំលោភបំពានបូរណភាពទឹកដីរបស់ប្រទេសជិតខាង។ កម្ពុជានិងឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍរីកចម្រើន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ