ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
សេចក្តីគោរពស្រឡាញ់ និងការគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ, នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ១.១៦៩គ្រួសារ រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការដឹងគុណយ៉ាងធំធេងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តរបស់ភរិយា កូនចៅ និងក្រុមគ្រួសារ ដែលបានលះបង់នូវសេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ដើម្បីអនុញ្ញាតឱ្យប្តីសី និងកូនៗជាទីស្រឡាញ់ ទៅចូលរួមការពារបូរណភាពទឹកដី។
ថ្លែងពីលើវេទិកានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងនូវការកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមកសាង និងអភិវឌ្ឍ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាកង្វះខាតទឹក-ភ្លើង និងទីផ្សារទិន្នផលជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ដាំផ្ញើ និងអំពាវនាវយ៉ាងទទូចដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងជំរុញកូនចៅឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពឱ្យបានទៀងទាត់មុនសម្រាល ចំណែកឯលោកតាលោកយាយចាស់ៗក៏ត្រូវអញ្ជើញទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីព្យាបាលជំងឺបានទាន់ពេលវេលាផងដែរ។ បន្ថែមពីនេះ សូមបងប្អូនបន្តចូលរួមបង្កបង្កើនផលលើដីធ្លីដែលមានស្រាប់ ឬចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញកាត់ខ្សែបូ សម្ពោធប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងចំនួន ១២៥អណ្តូង បន្ថែមទៀត ជូនបងប្អូនអតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលសរុបផ្ទះនិងអណ្តូងជាអំណោយរបស់កាកបាទក្រហមកម្ពុជា មានផ្ទះចំនួន ៧២៨ខ្នង និងអណ្តូងចំនួន ៤១៥អណ្តូង។ បន្ទាប់មក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះគំរូចំនួន ២ខ្នង ដើម្បីបានដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបង្កើតបានជាទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។
សូមជម្រាបជូនថា អំណោយផ្តល់ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១ កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ២ដប, សាប៊ូកក់សក់ ២ ដប, ភេសជ្ជៈប៉ូការីស្វេត ៦កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់ និងថវិកា ៥០.០០០រៀល។ ដោយឡែក សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ចំនួន ៣១៧នាក់ (ស្រី១៦១នាក់) ក្នុងម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល, ប៊ិក ១ដើម និងថវិកា ១០.០០០រៀល ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕


















-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា