Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៖ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិន​ត្រូវបា​នកែប្រែដោយការប្រើប្រាស់កម្លាំង

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​អះអាង​ជា​ថ្មី​ពី​ការ​ប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រម​ទាំងការខិតខំធ្វើឲ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ។ ការអះអាងនេះ ក្នុងឱកាសអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អគ្គ​មេប​ញ្ជាកា​រ​កង​ទ័ព​អាស៊ាន​លើក​ទី២៣ (ACDFM-23) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ធានា​អនាគត​របស់យើងរួមគ្នា» នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បាន​ថ្លែង​អំណរ​គុណ​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ជាពិសេស ប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និង​ប្រទេស​ហ្វីលីពីន ​ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់​ក្នុង​ការ​គាំទ្រ​បទ​ឈប់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះ​ការ​បញ្ជូន​នាយ​ទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់ (AOT) នៅ​កម្ពុជា ​ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងបញ្ជាក់ថា អាស៊ានអាច​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​អាស៊ាន​ដោយ​ខ្លួនឯង។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​អាណត្តិ​ដឹក​នាំដោយប្រទេសហ្វីលីពីន។

ក្នុងសុន្ទរកថាបើក ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការ​កង​ទ័ព​ហ្វីលីពីន ​ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងពីប្រធានបទ “ធានាអនាគត​របស់​យើង​រួម​គ្នា”​ ឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នា លើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និង​ការឆ្លើយតប។

ឯកឧត្តមបានគូសបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាព និងភាព​ធន់​នៅ​ក្នុង​តំបន់​របស់​យើង​អាច​រក្សា​បាន​តែ​តាម​រយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងការទទួលខុសត្រូវរួមគ្នាប៉ុណ្ណោះ។

ឯកឧត្តមបា​នកោតសរសើរម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២២ ចំពោះភាព​ជា​អ្នក​ដឹក​នាំ​ដ៏រឹងមាំ និងការរួម​ចំណែក​ដ៏​មាន​អត្ថន័យ​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ការ​ពារ​ជាតិ​អាស៊ាន​ក្នុង​រយៈពេលមួយឆ្នាំកន្លងមក។ ឯកឧត្តមបានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ី លើ​ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​យន្ត​ការ​ត្រួតពិ​និត្យ​បទ​ឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ចាត់ទុកកិច្ចខិត​ខំប្រឹង​ប្រែង​រប​ស់​ម៉ាឡេ​ស៊ី បានបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​រក្សា​ស្ថិរភាពក្នុងតំបន់ស្របតាមមាគ៌ាអាស៊ាន៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia