ព័ត៌មាន
សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណានសាទរការលើកលែងទិដ្ឋាការដល់ប្រជាជនចិនរបស់កម្ពុជា ដោយប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យលើសពីចំនួន ៣០ ម៉ឺននាក់ដែលកំពុងមានស្រាប់
ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន។
ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការសម្របសម្រួលយ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់់ខ្ពស់ទាំងវិស័យរដ្ឋ និងឯកជនរបស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងបដិសណ្ឋារកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។
ជាមួយគ្នានេះ សហគ្រាសទេសចរណ៍ចម្រុះដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ដែលត្រូវបានរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាបានកាន់តែច្រើនក្នុងរដូវកាលបៃតងដ៏ពិសេសនេះ។
ទន្ទឹមនឹងនេះ សហគ្រាសទាំងអស់សន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្មក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិននិយាយជារួម និងរវាងរដ្ឋបាលខេត្តហៃណាន ក្រុងហៃគូ រួមទាំងវិស័យឯកជនទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិនប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។
ជាមួយនឹងការដាក់ឱ្យអនុវត្តនូវការលើកលែងទិដ្ឋាការជូនប្រជាជនចិននាខែមិថុនា ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិ វត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរចិន និងកម្ពុជាទៅវិញទៅមកផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។
ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ (Travel Influencers) ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការជំរុញលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន។
សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។
កម្មវិធីទី២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។


















-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់