ព័ត៌មាន
គណៈកម្មការទី១រដ្ឋសភា ចុះពិនិត្យយន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនៅខេត្តត្បូងឃ្មុំ ដើម្បីធានាការពារសិទ្ធិពលរដ្ឋ
ត្បូងឃ្មុំ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានចុះបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ ដើម្បីតាមដានការអនុវត្តច្បាប់ និងជំរុញយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ ក្នុងគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដោយមានការចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងមន្ទីរ-អង្គភាពជំនាញ ភាគីរដ្ឋសភាបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃការចុះមកនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីយន្តការ លទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្តនាពេលកន្លងមក។
ឯកឧត្តម សរ ចំរុង បានមានប្រសាសន៍ថា បេសកកម្មនេះធ្វើឡើងដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងារនៅថ្នាក់ក្រោមជាតិ ឱ្យស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម។
ទាក់ទិននឹងបញ្ហាអធិបតេយ្យ និងការងារព្រំដែន ឯកឧត្តម សរ ចំរុង បានបញ្ជាក់បន្ថែមថា កន្លងមកគណៈកម្មការទី១ តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចេញញត្តិថ្កោលទោសចំពោះរាល់ការរំលោភបំពាននានា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ពិតប្រាកដ។
ជាការឆ្លើយតប ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍លម្អិតជូនគណៈប្រតិភូរដ្ឋសភាអំពីសមិទ្ធផលលើវិស័យរៀបចំដែនដី ការចុះបញ្ជីដីធ្លី និងការដោះស្រាយទំនាស់ដីធ្លី។ ឯកឧត្តមបានឱ្យដឹងថា នៅក្នុងយុទ្ធនាការជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តសម្រេចបាននូវជោគជ័យដ៏ធំធេង តាមរយៈការខិតខំរបស់មន្ត្រីបច្ចេកទេស និងការចូលរួមពីប្រជាពលរដ្ឋ។
ចំពោះយន្តការដោះស្រាយទំនាស់ដីធ្លី ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមយន្តការច្បាប់ តាមរយៈគណៈកម្មការសុរិយោដីគ្រប់កម្រិត (ថ្នាក់ក្រុង-ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ដោះស្រាយក្រៅប្រព័ន្ធតុលាការ» ផ្អែកលើមូលដ្ឋានយុត្តិធម៌ សច្ចធម៌ និងការយោគយល់គ្នា។ បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានប្ដេជ្ញាចិត្តពង្រឹងយន្តការអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ដើម្បីធានាថាមន្ត្រីរាជការបំពេញតួនាទីដោយភាពស្មោះត្រង់ និងមិនរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋឡើយ៕






-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
PR NEWS2 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន6 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន6 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន7 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន7 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)