Connect with us

ព័ត៌មាន

ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ប្រើប្រាស់ Bakong Tourist ដើម្បី​ទូទាត់តាមប្រព័ន្ធ​ឌីជីថល​នៅកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា(NBC) បានតភ្ជាប់កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ជាមួយក្រុមហ៊ុន បណ្តាញប័ណ្ណទូទាត់អន្តរជាតិ Mastercard និង VISA ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​របស់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់​លទ្ធភាព​ក្នុង​ការស្កេន KHQR ទូទាត់បែបឌីជីថលបានងាយស្រួលដូចប្រជាជនក្នុងស្រុក។ ជាក់​ស្តែង ភ្ញៀវទេសចរបរទេសមកដើរលេងនៅផ្សារធំថ្មីក្នុងរាជធានីភ្នំពេញ បានចាប់អារម្មណ៍​ប្រើ​ប្រាស់​​ កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist) ដើម្បីទូទាត់ទំនិញ និងសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល ដែលមានភាព​ងាយស្រួល រហ័ស និង​សុវត្ថិភាព។​

កម្មវិធី Bakong Tourists គឺជាកម្មវិធីទូទាត់ប្រាក់ឌីជីថល ដែលបង្កើត​ឡើង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ដែល​អនុញ្ញាតឱ្យអ្នកទេសចរអន្តរជាតិ​ស្កេន​បង់​ប្រាក់​នៅ​តាម​ទីតាំង​លក់​រាយ​រាប់​លាន​កន្លែងទូទាំងប្រទេសកម្ពុជា ដោយលុបបំបាត់តម្រូវការយកសាច់ប្រាក់ ឬការ​ប្តូរប្រាក់ សម្រាប់​ភ្ញៀវទេសចរ។​

ភ្ញៀវទេសចរបរទេសដែលមកពីប្រទេស អេស្បាញ់ និងអូស្ត្រាលី បាន​មកដើរកម្សាន្ត និងទិញ​ទំនិញ​នៅ​ផ្សារ​ធំថ្មី រាជធានីភ្នំពេញ​ បានផ្តល់បទសម្ភាសន៍ជាមួយ BTV ថា ជាធម្មតា ពួកគេ​បាន​បង់​ប្រាក់​ជាសាច់ប្រាក់សុទ្ធ​ទៅកាន់អាជីវករ និងពេលខ្លះគឺបង់ប្រាក់តាមរយៈការឆូតកាត់។​ នៅ​ពេល​ណែ​នាំអំពីការប្រើប្រាស់​​កម្មវិធី Bakong Tourists គឺពួកគេបានចាប់អារម្មណ៍ជាខ្លាំង ដោយ​ពួក​គេ​នឹងសាងល្បងប្រើប្រាស់កម្មវិធីនេះ ដើម្បី​ងាយស្រួលដល់ការទូទាត់របស់ពួកគេ​ក្នុង​អំឡុង​ពេលដំណើរកម្សាន្ត​នៅកម្ពុជា​។​

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានរួមចំណែកលើកស្ទួយវិស័យ ទេសចរណ៍នៅកម្ពុជា ដោយ​បានដាក់ឱ្យដំណើរការជាបឋមកម្មវិធីទូទាត់បាគងទេចរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយភ្ញៀវទេសចរដែលមកកម្ពុជា អាចទាញយកកម្មវីធីបាគងទេសចរ និង ភ្ជាប់​ជា​មួយ​ប័ណ្ណទូទាត់អន្តរជាតិ ដូចជា Mastercard និង VISA ដើម្បីទូទាត់ទំនិញនិងសេវាផ្សេងៗ ជាមួយ KHQR របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល និង សុវត្ថិភាពខ្ពស់។

ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនផ្លូវការ និង​ជំរុញការទូទាត់ឌីជីថល ក្នុងគោលបំណងរួមចំណែកជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង​លើក​កម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបាន​ដាក់​ឱ្យ​ដំណើរ​កា​រគម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​តាម ហ្សូអរកួត (QR) ជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន ជប៉ុន និងសិង្ហបុរី ហើយគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងទូទាត់​ឆ្លងដែន​ទ្វេភាគី​ជាមួយ​ប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ និងបានចុះអនុស្សរណៈយោគយល់ជាមួយឥណ្ឌូណេស៊ី ព្រមទាំង កំពុងពិភា​ក្សា​តភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia