Connect with us

ព័ត៌មាន

ក្រសួងអភិវឌ្ឍន៍ជនបទ បន្តកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ

តាកែវ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅទីជនបទ ជាពិសេសផ្លូវគមនាគមន៍ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងងាយស្រួលដឹកកសិផលជាងមុន ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ មាន២កំណាត់ ប្រវែងជាង ៣ពាន់ម៉ែត្រ និងប្រព័ន្ធលូ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំព្រៃផ្ដៅ និងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបន្តថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី ទី១. បង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង ទី២. បង្កើនសុខមាលភាពគ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងការរស់នៅក្នុងបរិស្ថានស្អាត ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ជាមួយនេះដែរ ក្រសួងមានអមដោយយុទ្ធសាស្រ្តអាទិភាពជាសសរស្តម្ភចំនួន៥ រួមមានទី១. អភិវឌ្ឍន៍ហេដ្ឋារចនា នូវសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ទី២. លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ប្រកបដោយនិរន្តភាព, ទី៣. អភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងទី៥. ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ។

ជាមួយនេះ ក្នុងរដូវកាលភ្លៀងធ្លាក់នេះ គណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំទាំងពីរ ជួយថែទាំផ្លូវ តាមរយៈការជួយទប់ស្កាត់កុំឲ្យមានការបើកបរដឹកលើសទម្ងន់ ដើម្បីបានផ្លូវធ្វើដំណើរយូរអង្វែង ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia