ព័ត៌មាន
ជើងហោះហើរចេញ-ចូលកម្ពុជាកើនឡើង បើទោះបីជា ពិភពលោកជួបបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈជាសកលក្តី
ភ្នំពេញ៖ ទោះបីជា សកលលោកកំពុងប្រឈមភាពរអាក់រអួលនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជាបានទទួលបានជើងហោះចេញ-ចូលជាង ២ម៉ឺនជើងក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦ កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាកាសយានដ្ឋានអន្តរជាតិតេជោ(KTI) ទទួលបានជើងហោះហើរចេញ-ចូលច្រើនជាងគេ មានចំនួនប្រមាណ ៧០០ជើងក្នុងមួយសប្តាហ៍។
របាយការណ៍វឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៦ កម្ពុជាទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) មានចំនួន ២៣ ២០៤ ជើង កើន ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៧០៨ ជើង/សប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍ (ទ្វេទិស), និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ ជើង/សប្តាហ៍ (ទ្វេទិស)។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៌ស៊ីវិល បានបញ្ជាក់ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជា បណ្តាញអាកាសចរណ៍ទូទៅ នៅតែបន្តប្រតិបត្តិការជាធម្មតា។ គិតមកដល់ពេលនេះ កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំដោយសារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍កំពុងតាមដានស្ថានការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុនាពេលខាងមុខ។
ឯកឧត្តម អះអាងថា៖ «សម្រាប់កម្ពុជា វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។ រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃទីផ្សារប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃវិស័យនេះ»។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរមានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួននិងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ក្នុងនោះមានជើងហោះហើរចំនួន ៤៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជួលជើងហោះហើរដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍) និង ៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
របាយការណ៍ដដែល បញ្ជាក់ទៀតថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសទាំងបី (ទ្វេទិស) មានចំនួនជាង ២ លាននាក់ (២,៤២៨,០០៩ នាក់) ថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គិតត្រឹមថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល មានចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះ រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩៕ អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា