Connect with us

ព័ត៌មាន

ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ជំរុញអាជ្ញាធរមូលដ្ឋានស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ បម្រើប្រយោជន៍ពលរដ្ឋឲ្យចំគោលដៅ

កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច បានឲ្យដឹងថា ជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺតែងតែជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យមានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំគោលដៅ គឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា មួយវិញទៀត នារយៈពេលចុងក្រោយនេះ សម្ដេចតេជោ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ក្រុង និងខណ្ឌជាដើម ក្នុងគោលបំណងជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាមានកិច្ចសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។

ក្នុងឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ដោយខិតខំបម្រើប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ ហើយជាពិសេស គឺប្រឹងប្រែងដោះស្រាយបញ្ហាអសន្តិសុខ ដោយធ្វើយ៉ាងណា មិនត្រូវឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច រឿងក្មេងទំនើង គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ហើយបញ្ហាមួយទៀត គឺរឿងស្កេមអនឡាញ (Smam Online) ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ គឺធ្វើយ៉ាងណាកុំបញ្ហានេះកើតឡើង នៅក្នុងមូលដ្ឋានឃុំទង់ត្រឡាច ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា ការបោះឆ្នោតឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៧ខាងមុខ ដូចនេះ សមាជិកបក្សទាំងអស់ត្រូវបន្តខិតខំ ស្រូបយកសន្លឹកឆ្នោតឲ្យបានកើនឡើងថែមទៀត ខណៈដែលឃុំទង់ត្រឡាច មានចំនួន៥អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានទាំងអស់ កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ។

ក្នុងពិធីនេះ លោក ចាស់ ជឿន ជាសមាជិកបក្ស និងជាមេឃុំទង់ត្រឡាច ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រឹងប្រែងថែរក្សាសមាគ្គីផ្ទៃក្នុងបក្ស ឲ្យកាន់តែរឹងមាំ និងទាក់ទាញសន្លឹកឆ្នោត ដើម្បីឲ្យគណបក្សបន្តឈ្នះ នៅអាណត្តិក្រោយទៀត ។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់សមាជិកគណបក្សដែលមានកូនខ្ចី ឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលឃុំ ដែលកំពុងខិតខំធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងការងារជួសជុលអគារសាលាឃុំទង់ត្រឡាចផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia