ព័ត៌មាន
សម្ដេចតេជោស្វាគមន៍អ្នកវិនិយោគិនមកពីកូរ៉េខាងត្បូង ចាប់អារម្មណ៍វិនិយោគវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះ ក្រុមអ្នកវិនិយោគិនមកពីក្រុងអ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ និងបង្ហាញការចាប់អារម្មណ៍លើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។
សម្ដចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះ លោក ផាក ជូបុង និងសហការីដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ការធ្វើទស្សនកិច្ចរបស់ប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទី្រុងអ៊ីនឆន់នេះនឹងស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះលោក ផាក ជូបុង បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងបានជួបសម្ដែងការគួរសមនាឱកាសនេះ។
លោក ក៏បានលើកឡើងអំពីទិដ្ឋភាព និងបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានរំលេចចំពោះសម្ដេចតេជោថាប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគកូរ៉េខាងត្បូង។
លោក ផាក ជូបុង បានបន្តថា នៅពេលនេះក្រុមអ្នកវិនិយោគ កំពុងស្វែងរកឱកាសបន្ថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដោយផ្ដោតសំខាន់លើផលិតផលស្វាយចន្ទី។
ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍លើការវិនិយោគលើផ្នែកកសិកម្ម ពិសេសផ្ដោតសំខាន់លើដំណាំស្វាយចន្ទីរនេះ។ សម្ដេចតេជោ បានរំលេចថា ប្រទេសកម្ពុជា មាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចតេជោ បានថ្លែងថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅទីផ្សារពិភពលោកផងដែរ។
សម្ដេចតេជោ បានសង្គត់ធ្ងន់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង។ ដូច្នេះតាមរយៈក្រុមវិនិយោគរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានបន្ថែមថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ពេលនេះជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នាហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសក្នុងឱកាសខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា៕





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ